ភ្នំពេញ៖ ថ្នាក់ដឹកនាំ នៃប្រទេសអាស៊ាន បានស្វាគមន៍ និងគាំទ្រ ចំពោះការប្រកាស របស់ប្រទេសចិនដែល បានចាត់ទុក វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ ជាទំនិញសាធារណៈ និងការបន្ដផ្គត់ផ្គង់ថ្នាំ និងបរិក្ខារពេទ្យក្នុងតំបន់អាស៊ាន ដើម្បីលើកកម្ពស់ សុខភាពសាធារណៈ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ “ថ្នាក់ដឹកនាំនៃប្រទេសអាស៊ាន បានសំដែង ការស្វាគមន៍និងគាំទ្រ ចំពោះការប្រកាសរបស់ ប្រទេសចិន ដែលបានចាត់ទុក វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ ជា “ទំនិញសាធារណៈ និងការបន្ដផ្គត់ផ្គង់ ថ្នាំ និងបរិក្ខារពេទ្យ ក្នុងតំបន់អាស៊ាន សម្រាប់ការសង្គ្រោះ បន្ទាន់ លើកកម្ពស់សុខភាព សាធារណៈ ព្រមទាំងជំនួយដទៃទៀតសម្រាប់ការស្តារ និងងើបឡើងវិញនៃសង្គម-សេដ្ឋកិច្ច នៅក្នុងតំបន់អាស៊ាន ក្រោយកូវីដ-១៩ “។
ជាមួយគ្នានេះ ថ្នាក់ដឹកនាំ នៃប្រទេសអាស៊ាន ស្វាគមន៍ និងវាយតម្លៃខ្ពស់ ចំពោះការចូលរួមចំណែករបស់ប្រទេសចិន ក្នុងការពង្រឹង និងលើកកម្ពស់ចំណងមិត្តភាពអាស៊ាន -ចិន ក្នុងការជំរុញគំនិតផ្តួចផ្តើម “ភាពជាដៃគូអាស៊ាន ស្តីពី “សេដ្ឋកិច្ចពណ៌ខៀវ” និង“ចក្ខុវិស័យភាពជាដៃគូ យុទ្ធសាស្រ្តអាស៊ាន – ចិន ឆ្នាំ ២០៣០ ” ។
ក្រៅពីនោះថ្នាក់ដឹកនាំ នៃប្រទេសអាស៊ាន-ចិន ក៏បាន ប្តេជ្ញាបន្តគាំទ្រគោលការណ៍ ពហុភាគីនិយម និងបានស្នើ ឲ្យមានការបង្កើន កិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ ទៅលើការកសាងជំនឿទុកចិត្ត និងរក្សាភាពធន់នៃសង្គម-សេដ្ឋកិច្ចនាពេលអនាគត, ការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ ក្នុងតំបន់ និងការអនុវត្តសេដ្ឋកិច្ចឌីជីថល ។
លើសពីនេះទៀត ថ្នាក់ដឹកនាំនៃប្រទេសអាស៊ាន ក៏បានសំដែងការពេញចិត្ត និងគាំទ្រ ចំពោះការប្តេជ្ញាចិត្តរបស់ លោក លី ខឺឈាង (Li Kequiang) នាយករដ្ឋមន្ត្រីចិន ក្នុងការបង្កើនកិច្ចសហ ប្រតិបត្តិការ, ការជួយដល់តំបន់អាស៊ាន និងការដោះស្រាយបញ្ហាផ្សេងៗទៀត តាមយន្តការសន្តិវិធី ដោយឈរលើស្មារតីសាមគ្គីភាព និងវិបុលភាព ដល់ប្រជាជនទាំងអស់ នៃតំបន់ទាំងពីរផងដែរ៕ដោយ៖ធី លីថូ