កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានសម្រេចពង្រួញ និតិវិធីសេវាផ្ទេរកម្មសិទ្ធិដីធ្លី ឲ្យបានរួចរាល់ត្រឹម រយៈពេលមិនលើសពី ៣០ថ្ងៃ ។
លោកអភិបាលខេត្ត បានឆ្លើយតបដូច្នេះ នារសៀលថ្ងៃទី១២ ខែវិច្ឆិកាឆ្នាំ ២០២០ នៃអង្កវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខេត្តលើកទី ២ អាណត្តិទី ៣ ឆ្នាំ ២០២០ នៅក្នុងបរិវេណវត្តបឹងស្នាយ ស្ថិតក្នុងឃុំសំបួរមាស ក្រុងកំពង់ចាម ។
អង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ដែលបានធ្វើឡើង ក្រោមអធិបតីភាពលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដែលមានសមាសភាពចូលរួម ពីមន្ត្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋ ក្នុងក្រុងកំពង់ចាម ចំនួន ១៦១ នាក់ ។ ហើយក្នុងការពិគ្រោះយោបល់នេះដែរ ខាងអាជ្ញាធរខេត្ត ទទួលបានសំណូមពរ ពីប្រជាពលរដ្ឋចំនួន ១៣ចំណុច ក្នុងនោះសំណូមពរចំនួន ៧ បានដោះស្រាយ និងសំណូមពរចំនួន ៦ ចំណុចទៀតទុកដោះស្រាយនៅពេលក្រោយ ។
យ៉ាងណាក៏ដោយ សំណូមពរទាំង១៣ ចំណុចខាងលើ មានសំណើសុំផ្ទាល់មាត់ពីប្រជាពលរដ្ឋម្នាក់ ទាក់ទងទៅនឹងបញ្ហាយឺតយ៉ាវផ្នែកសេវាផ្ទេរកម្មសិទ្ធិដីធ្លី ដែលកន្លងមក សេវាមួយនេះមានការយឺតយ៉ាវ រហូតដល់ទៅ៦ ខែទើបទទួលបានលទ្ធផលសម្រេច។
ប៉ុន្តែបន្ទាប់ពីបញ្ចប់ការទទួល សំណូមពរ អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានឆ្លើយតបភ្លាមៗថា < បញ្ហាផ្ទេកម្មសិទ្ធិដីធ្លីនោះ រដ្ឋបាលខេត្តបានដាក់ចេញ ជាគោលការណ៍រួមរួចហើយ ដើម្បីពង្រួញនីតិវិធី ធ្វើយ៉ាងណាឱ្យការផ្ទេរកម្មសិទ្ធិដីធ្លី ពីបុគ្គលម្នាក់ ទៅបុគ្គលម្នាក់ បានលឿនបំផុត ពោលមិនឲ្យលើសពី ៣០ ថ្ងៃ > ។
លោកអភិបាលខេត្តបានបញ្ជាក់ទៀតថា គោលការណ៍នេះធ្វើឡើងដោយមានការឯកភាពគ្នាពីមន្ត្រីជំនាញ នៃមន្ទីររៀបចំដែនដី និងសាខាពន្ធដារ រួមជាមួយនឹងច្រកចេញចូលតែមួយ ដោយចងក្រង បានជាសេចក្តីណែនាំមួយ បានដាក់ឆ្លងទៅក្រុមប្រឹក្សាខេត្ត ហើយខាងក្រុមប្រឹក្សាខេត្តបានអនុម័តកាលពីថ្ងៃទី១៨ ខែតុលាឆ្នាំ២០២០ រួមទាំងរូបលោក បានចុះហត្ថលេខារួចហើយផងដែរ នៅថ្ងៃទី ១២ ខែវិច្ឆិកាឆ្នាំ ២០២០ នេះ។ ដូច្នេះចាប់ពីពេលនេះតទៅ ការរៀបចំ ការទិញផ្តាច់ ផ្ទេរកម្មសិទ្ធិដីធ្លី ពីបុគ្គលមួយ ទៅបុគ្គលមួយ គឺមិនឲ្យលើសពី៣០ថ្ងៃនោះទេ ។ ប៉ុន្តែទន្ទឹមនឹងនោះ ភាគីខាងម្ចាស់ឯកសារ ត្រូវអនុវត្តតាមសេចក្តីណែនាំ របស់មន្ត្រីជំនាញ សូរិយោដី ដោយរៀបចំឯកសារ ឲ្យបានត្រឹមត្រូវពីដើមទីឱ្យហើយ ព្រោះជៀសវាង ឯកសារមិនគ្រប់គ្រាន់ ដែលធ្វើឲ្យមានការបញ្ជូន ឯកសារនោះត្រឡប់ទៅ ត្រឡប់មក ជាហេតុនាំឲ្យមានការយឺតយ៉ាវ ៕