ភ្នំពេញ ៖ ដើម្បីចូលរួមចំណែក ក្នុងការអភិវឌ្ឍវិស័យកសិកម្ម នៅកម្ពុជា រដ្ឋាភិបាលអូស្ត្រាលី តាមរយៈ កម្មវិធីខ្សែសង្វាក់ តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី (CAVAC) ផ្តល់អំណោយ ជាម៉ាស៊ីនដាំគ្រាប់ពូជស្រូវ ឈ្មោះ Eli Seeder ចំនួន២០គ្រឿង ជូនដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ សម្រាប់ទុកឲ្យកសិករ ប្រើប្រាស់ប្រចាំខេត្ត។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ស្ថានទូត អូស្រ្តាលី ប្រចាំរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា កសិករជាង៦០០០នាក់ នៅខេត្តកំពង់ធំ បានរងគ្រោះដោយសារគ្រោះទឹកជំនន់ធ្ងន់ធ្ងរ ក្នុងឆ្នាំ នេះ ហើយដំណាំចំនួន ១២ ០០០ហិកតា ត្រូវបានបំផ្លាញ ដែលនេះគឺជាការខាតបង់ដ៏ធំ សម្រាប់កសិករកម្ពុជា បន្ថែមទៅលើការ ប៉ះពាល់ផ្នែកសេដ្ឋកិច្ចរួចទៅហើយ ដោយសារជម្ងឺកូវីដ១៩។
សេចក្ដីប្រកាសបន្តថា គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយកម្ពុជា បាននិងកំពុងចែកចាយពូជស្រូវ ជូនដល់កសិករ សម្រាប់ការដាំដុះនៅរដូវក្រោយនេះៗ។
សេចក្ដីប្រកាសឲ្យដឹងទៀតថា “ដើម្បីចូលរួមចំណែកក្នុងកិច្ចការនេះ រដ្ឋាភិបាលអូស្ត្រាលី តាមរយៈ កម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី (CAVAC) ផ្តល់អំណោយ ជាម៉ាស៊ីនដាំគ្រាប់ពូជស្រូវ ឈ្មោះ Eli Seeder ចំនួន២០គ្រឿង ជូនដល់មន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សម្រាប់កសិករ ប្រើប្រាស់នៅក្នុងខេត្តនេះ”។
ទូតអូស្រ្តាលីបញ្ជាក់ថា ម៉ាស៊ីនគ្រាប់ពូជស្រូវ ដែលបង្កើតឡើងដោយស្នាដៃកម្ពុជានេះ អាចកាត់ បន្ថយបរិមាណពូជស្រូវ ដែលកសិករ ត្រូវការក្នុងការដាំដុះ ជួយកសិករសន្សំរហូតដល់ ២៥០ដុល្លារក្នុង មួយហិកតា និងកំលាំងពលកម្មស្មើនឹង៤០ថ្ងៃ ហើយអាចបង្កើនទិន្នផលបានខ្ពស់ទៀតផង។
ស្ថានទូតបន្ថែមថា ដែរនេះគឺ ជាផ្នែកមួយនៃការរួមចំណែករបស់អូស្ត្រាលី ដល់កិច្ចប្រឹងប្រែងជាច្រើន ក្នុងការជួយសង្គ្រោះគ្រោះទឹកជំនន់ ដែលមានតំលៃស្មើនឹងថវិកា ៨០០០០ដុល្លារ។
សូមបញ្ជាក់ថា តាមរយៈកម្មវិធី ACCESS រដ្ឋាភិបាលអូស្ត្រាលីនឹងចែកចាយអាហារ និងសម្ភារៈអនាម័យ ដល់ ១០០០ គ្រួសារ ដែលមានសមាជិក ជាជន ដែលមានពិការភាព។ ដែលសហការជាមួយ សមាគមទឹកអូស្ត្រាលី កម្មវិធី3i កំពុងតែរៀបចំជាបន្ទាន់ក្នុងការ បំពាក់ ប្រព័ន្ធសំអាតទឹក ដែលមានសមត្ថភាពខ្ពស់ នៅតាមមណ្ឌលសុខភាពនានា ក្នុងតំបន់រងផលប៉ះពាល់ ៕ ដោយ៖ធី លីថូ