ព័ត៌មានជាតិ

អូស្រ្តាលី ប្ដេជ្ញាបន្តដោះស្រាយបញ្ហាព្រំដែនរួម ជាមួយកម្ពុជា

ភ្នំពេញ៖លោក Pablo Kang ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា បានធ្វើការបន្តប្ដេជ្ញាចិត្ត ក្នុងការដោះស្រាយបញ្ហា ដែលជាប្រយោជន៍រួម និងបញ្ហាព្រំដែនរួមគ្នាជាមួយកម្ពុជា។

តាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់ស្ថានទូតអូស្រ្តាលី ប្រចាំកម្ពុជា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងជំនួបជាមួយនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធអគ្គនាយកនៃ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក Pablo Kang បានថ្លែងថា “ដើម្បីបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់អូស្រ្តាលី ចំពោះប្រទេសកម្ពុជា ក្នុងការដោះស្រាយបញ្ហា ដែលជាប្រយោជន៍រួម និងបញ្ហាព្រំដែនរួមគ្នា”។

លោកបញ្ជាក់ថា ការប្ដេជ្ញាចិត្តនេះរួមបញ្ចូលទាំងការជួយកម្ពុជា ក្នុងការឆ្លើយតបទៅនឹងបញ្ហាជំងឺកូវីដ-១៩ តាមព្រំដែន ព្រមទាំងប្រឆាំងនឹងការឆ្លងជំងឺកូវីដ-១៩ តាមប្រទេសនៅតាមទន្លេមេគង្គផងដែរ។

ជាមួយគ្នានោះលោកទូតបន្ថែមថា អូស្រ្តាលី តាមរយៈភាពជាដៃគូជាមួយ IOM Cambodia បានផ្តល់ឱ្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៅកម្ពុជា នូវសម្ភារៈការពារផ្ទាល់ខ្លួន ដើម្បីជួយមន្រ្តីព្រំដែនជួរមុខ ឱ្យមានសុវត្ថិភាព និងមានសុខភាពល្អ ព្រោះពួកគេជាអ្នកសម្រួលដំណើរការអ្នកដំណើរ នៅតាមច្រកព្រំដែនអន្តរជាតិនៅកម្ពុជា។

លើសពីនេះទៀតលោកបញ្ជាក់បន្ថែមទៀតថា ក្រោមកម្មវិធីនេះ អង្គការ IOM នឹងបណ្តុះបណ្តាលមន្ត្រីព្រំដែនជួរមុខរបស់កម្ពុជា ស្តីពី នីតិវិធីប្រតិបត្តិការតាមស្តង់ដារ និងការប្រើប្រាស់ PPE៕ដោយ៖ធី លីថូ

To Top