Covid-19

រកឃើញអ្នកឆ្លង ជំងឺកូវីដ១៩ម្នាក់ លើបុរសជនជាតិអាមេរិក ដែលជាករណីនាំចូល

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ម្នាក់ ដែលជាជនជាតិអាមេរិក ទើបធ្វើដំណើរមកពី សហរដ្ឋអាមេរិកចូលកម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា បុរសជនជាតិអាមេរិក ដែលឆ្លងកូវីដ១៩នេះ មានអាយុ៦៩ឆ្នាំ ស្នាក់នៅ Apartment មួយក្នុងរាជធានីភ្នំពេញ បានធ្វើដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសចិនតៃវ៉ាន់ មកដល់កម្ពុជា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០។ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់គាត់ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺវិជ្ជមានវីរុសកូវីដ១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

សូមកត់សម្គាល់ថា អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើនេះ មានចំនួនសរុប ៧១នាក់ ដែលក្នុងចំនួននេះមានបុរសខាងលើនេះផងដែរ។ រីឯអ្នកដំណើរ៧០នាក់ ដែលមានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូដ-១៩នោះ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅមណ្ឌលទ័ពអាកាស និងសណ្ឋាគារមួយចំនួន ក្នុងរាជធានីភ្នំពេញ។

ដោយឡែកនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានធ្វើតេស្តអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍ ០៣វិច្ឆិកា បានចំនួន ១៤នាក់ ដែលលទ្ធផលបង្ហាញថា អវិជ្ជមានវីរុសកូវីដ-១៩ ទាំងអស់។

គិតពីថ្ងៃទី០៤ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ សរុបចំនួនតេស្តដែលបានធ្វើវិភាគមាន ២៥៦៧ វត្ថុសំណាក (ក្នុងចំនួននេះ មានអ្នកដែលបានធ្វើតេស្តលើកទី១ចំនួន ១៧៤១នាក់ និងលើកទី២ចំនួន៨២៦នាក់) ដោយលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានបង្ហាញថា មានអ្នកវិជ្ជមានវីរុសកូវីដ១៩ ៤នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកវិជ្ជមានវីរុសកូវីដ១៩ សរុបចំនួន៣០២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយសរុបចំនួន២៨៩នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យសរុប១៣នាក់ (គ្មានអ្នកស្លាប់)៕

To Top