ភ្នំពេញ ៖ ជំងឺកូវីដ១៩ ត្រូវបានគេទទួលស្គាល់ ជាវីរុសឥតស្រមោល និង កាចសាហាវបំផុត ហើយបានកំពុង គម្រាមកំហែង អាយុជីវិត ប្រជាពលរដ្ឋ ទូទាំងពិភពលោក ឲ្យមានការភ័យក្លាច ចំពោះការរីលរាលដាលនៃជំងឺនេះ ។ ជាថ្មីម្តងទៀតសម្រាប់ ប្រទេសកម្ពុជាវិញ រលកទី២នៃជំងឺកូវីត១៩ បាននិងកំពុងពន្ញាក់ស្មារតី ប្រជាពលរដ្ឋ ទទួលយក ការការពារឲ្យបានខ្ជាប់ខ្ជួន និងចេះ ប្រុងប្រយ័ត្នឲ្យបានគ្រប់ពេលវេលា ដោយខ្លួនឯង ។ យ៉ាងណា អាជ្ញាធរខណ្ឌដង្កោ ក៏មិនបានប្រងើយកណ្តើយនោះទេ ក្រោមការដឹកនំា របស់លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ និងមន្រ្តីពាក់ព័ន្ធ រួមទាំងយុវជន ស ស យ ក នៅព្រឹកថ្ងៃទី១ ៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅតែបន្ត ចុះទៅគោលដៅ ភូមិឃុំ ធ្វើការចែកម៉ាស់ក្រណាត់ ជូនពលរដ្ឋ ធ្វើដំណើរតាមដងផ្លូវ និងតាមផ្ទះ ដើម្បីរួមគ្នា ការពារ និងទប់ស្កាត់ ជំងឺកូវីដ១៩ ។
សកម្មភាពនេះ គឺជាការរំលឹក ឱ្យប្រជាពលរដ្ឋពាក់ម៉ាស់ ជាប់ជានិច្ចទៅតាមការណែនាំ របស់ក្រសួងសុខាភិបាល និងសម្ដេចតេជោ ហ៊ុន សែន ដើម្បីការពារនូវការឆ្លង នៃជំងឺកូវីដ-១៩ ។
ក្នុងការចែកម៉ាស់ផ្ទាល់ដៃ ជូនទៅដល់អ្នកដំណើរនេះ លោកស្រីអភិបាល ក៏បានណែនាំឱ្យបងប្អូន ប្រជាពលរដ្ឋ អនុវត្តវិធានរបស់ក្រសួងសុខាភិបាល ដោយត្រូវពាក់ម៉ាស់ លាងដៃនឹងអាកុល ការសម្អាតអនាម័យខ្លួនប្រាណ និងការរក្សាគម្លាតសុវត្ថិភាព ពោលគឺ ត្រូវអនុវត្ត ឲ្យបានទៅតាមការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីធ្វើយ៉ាងណាការពារ ឲ្យបាននូវការរីករាលដាល នៃជំងឺ-១៩ ។
សូមរំលឹកថា នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ម្នាក់ ដែលជាជនជាតិអាមេរិក ទើបធ្វើដំណើរមកពី សហរដ្ឋអាមេរិកចូលកម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា បុរសជនជាតិអាមេរិក ដែលឆ្លងកូវីដ១៩នេះ មានអាយុ៦៩ឆ្នាំ ស្នាក់នៅ Apartment មួយក្នុងរាជធានីភ្នំពេញ បានធ្វើដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសចិនតៃវ៉ាន់ មកដល់កម្ពុជា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០។ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់គាត់ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺវិជ្ជមានវីរុសកូវីដ១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
សូមកត់សម្គាល់ថា អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើនេះ មានចំនួនសរុប ៧១នាក់ ដែលក្នុងចំនួននេះមានបុរសខាងលើនេះផងដែរ។ រីឯអ្នកដំណើរ៧០នាក់ ដែលមានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូដ-១៩នោះ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅមណ្ឌលទ័ពអាកាស និងសណ្ឋាគារមួយចំនួន ក្នុងរាជធានីភ្នំពេញ។
ដោយឡែកនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានធ្វើតេស្តអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍ ០៣វិច្ឆិកា បានចំនួន ១៤នាក់ ដែលលទ្ធផលបង្ហាញថា អវិជ្ជមានវីរុសកូវីដ-១៩ ទាំងអស់។
គិតពីថ្ងៃទី០៤ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ សរុបចំនួនតេស្តដែលបានធ្វើវិភាគមាន ២៥៦៧ វត្ថុសំណាក (ក្នុងចំនួននេះ មានអ្នកដែលបានធ្វើតេស្តលើកទី១ចំនួន ១៧៤១នាក់ និងលើកទី២ចំនួន៨២៦នាក់) ដោយលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានបង្ហាញថា មានអ្នកវិជ្ជមានវីរុសកូវីដ១៩ ៤នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកវិជ្ជមានវីរុសកូវីដ១៩ សរុបចំនួន៣០២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយសរុបចំនួន២៨៩នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យសរុប១៣នាក់ (គ្មានអ្នកស្លាប់)៕