ភ្នំពេញ ៖ សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ដោយមានការអមដំណើរ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ដឹកនាំគណៈប្រតិភូ នាំយកអំណោយម៉ាស និងបរិក្ខារពេទ្យមួយចំនួន ជូនរដ្ឋាភិបាល និងប្រជាជនឡាវ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ។
សូមជម្រាបថា អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនរដ្ឋាភិបាល និងប្រជាជនឡាវ រួមមាន៖ ម៉ាស ចំនួន២លាន, ម៉ាសក្រណាត់ចំនួន ១០ម៉ឺន, ម៉ាស N95 ចំនួន២ម៉ឺន, វែនតាសុវត្ថិភាព ចំនួន២ម៉ឺន, សំលៀកបំពាក់សុវត្ថិភាព សម្រាប់មន្ត្រីសុខាភិបាល (ជាឈុត) ចំនួន២ម៉ឺនឈុត, ម៉ាស៊ីនវាស់កំដៅ ចំនួន៥០០, របាំងមុខចំនួន២ម៉ឺន, ឧបករណ៍ជំនួយការដកដង្ហើម សម្រាប់ប្រយោធនកម្ម ចំនួន២០, ទូរទស្សន៍តាមដានសុខភាពអ្នកជំងឺ និងសម្ភារបន្ទាប់បន្សំម៉ូឌែល Vista 120 ចំនួន២០, ម្សៅថ្នាំក្លរ៉ាមីនប្រភេទB ៥០០កេស, ស្បែកជើងក៏វែងសុវត្ថិភាព ១ពាន់គូ, សាប៊ូលាងដៃ ២ពាន់គូ និងម៉ាសក្រណាត់១០ម៉ឺន ជាដេីម។
សូមរំលឹកថា នាពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចាត់តាំងសម្តេចពិជ័យសេនា ទៀ បាញ់ ជាតំណាង ដើម្បីដឹកនាំគណៈប្រតិភូនាំយកអំណោយម៉ាស ចំនួន២លាន១សែន និងបរិក្ខារពេទ្យទាំងនេះយកទៅជូនរដ្ឋាភិបាល និងប្រជាជនឡាវ នាពេលព្រឹកនេះ។
សូមបញ្ជាក់ថា ពិធីទទួលម៉ាស និងបរិក្ខារពេទ្យ នឹងមានការទទួលដោយផ្ទាល់ពី លោក ថងលុន ស៊ីសុលីត នាយករដ្ឋមន្រ្តីឡាវ នៅព្រលានយន្ដអន្ដរជាតិ ប្រទេសឡាវ៕