ព័ត៌មានជាតិ

រាជរដ្ឋាភិបាលកម្ពុជាផ្ដល់ម៉ាស និងបរិក្ខាពេទ្យជូនមិត្តឡាវ ជាទឹកចិត្តធំណាស់ក្នុងការជួយគ្នាទៅវិញទៅមក

ភ្នំពេញ ៖ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងការពារជាតិ បានថ្លែងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់ម៉ាស និងបរិក្ខាពេទ្យ ជូនរដ្ឋាភិបាល និងប្រជាជនឡាវ គឺជាទឹកចិត្តមួយធំសម្បើមណាស់ ក្នុងការជួយគ្នា ទៅវិញ ទៅមក សម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជាផ្ដល់ជូនរដ្ឋាភិបាល និងប្រជាជនឡាវ រួមមាន ៖ ម៉ាស ចំនួន២លាន ,ម៉ាសក្រណាត់ ចំនួន១០ម៉ឺន ,ម៉ាសN95 ចំនួន២ម៉ឺន ,វែនតា សុវត្ថិភាពចំនួន២ម៉ឺន ,សំលៀកបំពាក់សុវត្ថិភាព សម្រាប់មន្ត្រីសុខាភិបាល (ជាឈុត) ចំនួន២ម៉ឺនឈុត ,ម៉ាស៊ីនវាស់កំដៅ ចំនួន៥០០ ,របាំងមុខ ចំនួន២ម៉ឺន ,ឧបករណ៍ជំនួយការដកដង្ហើម សម្រាប់ប្រយោធនកម្ម ចំនួន២០, ទូរទស្សន៍តាមដានសុខភាពអ្នកជំងឺ និងសម្ភារបន្ទាប់បន្សំម៉ូឌែល Vista 120 ចំនួន២០, ម្សៅថ្នាំក្លរ៉ាមីនប្រភេទB ៥០០ កេស ,ស្បែកជើងក៏វែងសុវត្ថិភាព ១ពាន់គូ ,សាប៊ូ លាងដៃ ២ពាន់គូ និងម៉ាសក្រណាត់១០ម៉ឺន។

នាឱកាសដឹកនាំគណៈប្រតិភូនាំយកអំណោយម៉ាស និងបិរក្ខាពេទ្យមួយចំនួនទៀត ប្រគល់ជូនរដ្ឋាភិបាល និងប្រជាជនឡាវ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ សម្ដេច ទៀ បាញ់ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា នៅក្នុងពិភពលោកជំងឺកូវីដ-១៩ មិនទាន់មានការថមថយនៅឡើយ ដូច្នេះ ត្រូវរួមគ្នាបន្ដទប់ស្កាត់ជំងឺកូវីដ-១៩ បន្ថែមទៀត។

សម្ដេច មានប្រសាសន៍ថា «រឿងនេះ គឺជារឿងមួយ (រឿងប្រគល់ម៉ាស និងបរិក្ខាពេទ្យជូនឡាវ) ដែល ប្រពៃសម្បើមណាស់ យើងអាចនិយាយបានថា មិត្តភក្តិនៅក្បែរគ្នាក្នុងការរៀបចំប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នេះ គឺយើងឃើញថា កន្លែងណានៅទាន់គ្រប់គ្រាន់ពេញលេញ ជួយបន្ថែមគ្នា ទៅវិញ ទៅមក។ នេះគឺជាផ្នែកមួយដ៏សំខាន់ លើទឹកចិត្តដែលប្ដូរផ្ដាច់បំផុតរបស់ សម្ដេចតេជោ នាយករដ្ឋមន្ដ្រីនៃព្រះរាជា ណាចក្រកម្ពុជា»។

សម្ដេចបន្ដទៀតថា ចាប់តាំងពីចាប់ផ្ដើមជំងឺកូវីដ-១៩មក កម្ពុជាបានបំពេញតួនាទីយ៉ាងសកម្មបំផុត ទាំងនៅកម្ពុជា និងនៅក្រៅតំបន់ ជាពិសេស ជាមួយបណ្ដាប្រទេសជិតខាង។សម្ដេចថា ប្រសិនបើមិន ការពារជំងឺកូវីដ-១៩ មិនបានល្អទេ អាចនឹងប៉ះពាល់ជាមួយប្រទេសជិតខាង ដូច្នេះ ត្រូវរួមគ្នាប្រយុទ្ធ ប្រឆាំងជំងឺកូវីដ-១៩ ឲ្យមានប្រសិទ្ធភាពខ្ពស់។

ជាងនេះទៅទៀត រដ្ឋមន្ដ្រីក្រសួងការពារជាតិ បាន បញ្ជាក់ថា «ទឹកចិត្តនេះហើយបានជាការចែករំលែក របស់សម្ដេចតេជោដល់មិត្តឡាវលើកនេះ ក៏ជា ទស្សនៈដ៏សំខាន់ក្នុងចំណុចនេះដែរ។យើងបានបំ ពេញការងាររបៀបនេះឯង ហើយថ្ងៃនេះយើងបាន នាំម៉ាស និងឧបករណ៍មួយចំនួនទៀត សម្រាប់ប្រឆាំង និងទប់ទល់ជាមួយកូវីដ-១៩ ចែករំលែកទៅដល់មិត្តឡាវ»។

សូមរំលឹកថា គិតត្រឹមព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា អ្នកមានវីរុសកូវីដ-១៩ ចំនួន៣០២នាក់ ក្នុងនោះ ចំនួនអ្នកព្យាបាលជាសះស្បើយ ទូទាំងប្រទេស ចំនួន២៨៩នាក់ និងអ្នក សម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំនួន១៣នាក់៕

ដោយ ៖ អេង ប៊ូឆេង

To Top