ភ្នំពេញ ៖ គណៈកម្មការជំនាញរដ្ឋសភា នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះបានបញ្ចប់ការពិនិត្យ ពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ និងសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ និងបានត្រៀមផ្ញើជូនទៅគណៈកម្មាធិការ អចិន្រ្តៃយ៍រដ្ឋសភាវិញ ដើម្បីបញ្ចូលក្នុងរបៀបវារៈ សម័យប្រជុំរដ្ឋសភា នាពេលខាងមុខ។
លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ក្នុងកិច្ចប្រជុំជាមួយគណៈកម្មការជំនាញ រដ្ឋសភាថា សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ត្រូវបានរៀបចំឡើងនៅក្នុង បរិការណ៍ជំងឺកូវីដ-១៩ ដែលនាំមកនូវផលប៉ះពាល់ បញ្ហាប្រឈម និងហានិភ័យជាច្រើនដែលមិនធ្លាប់មាន ពីមុនមក ចំពោះតំបន់ និងពិភពលោកទាំងមូល។ កម្ពុជាក៏មិនអាចគេចរួចពីផលវិបាកអាក្រក់ទាំងនេះដែរ ហើយបាននិងកំពុងទទួលរងនូវផលប៉ះពាល់អវិជ្ជមានពីជំងឺនេះមកលើបញ្ហាសុខភាពសង្គម-សេដ្ឋកិច្ច ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ពិសេសគ្រួសារ ប្រជាជនក្រីក្រ និងងាយរងគ្រោះ។
លោកបានលើកឡើងថា សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ នឹងរក្សាលំនឹងសង្គម-សេដ្ឋកិច្ចកម្ពុជា និងជីវភាពរស់នៅរបស់ប្រជាជន ព្រមទាំងការស្ដារ និងជំរុញការងើបឡើងវិញ នូវកំណើនសេដ្ឋកិច្ចក៏ដូចជាដើម្បីសម្រេចឲ្យបាននូវគោលដៅសំខាន់ៗនៃកម្មវិធីនយោបាយយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ និងផែនការយុទ្ធសាស្ត្រអ ភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣ពិសេសការជំរុញអនុវត្តកិច្ចការកែទម្រង់គ្រប់ វិស័យក្នុងឆ្នាំ២០២១ ដែលជាឆ្នាំពាក់កណ្ដាលអាណត្តិរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ សំដៅឈានទៅសម្រេចបាននូវបំណងប្រាថ្នារយៈ ពេលវែងរបស់កម្ពុជាដែលចង់ឲ្យកម្ពុជាក្លាយជា ប្រទេសមានមោទនភាពជាតិ មានអនាគតដ៏រុងរឿង ភ្លឺស្វាង ត្រចះត្រចង់ និងជារដ្ឋអធិបតេយ្យមួយរឹងមាំ ។
ជាមួយគ្នានោះដែរ តំណាងរាជរដ្ឋាភិបាលបន្តថា ថវិកាឆ្នាំ២០២១ ជាឧបករណ៍ដ៏មានប្រសិទ្ធភាពដែលអាចជួយរាជរដ្ឋាភិបាលឆ្លើយតបទៅនឹងបញ្ហាប្រឈម និងហានិភ័យផងទាំងពួង ទាំងក្នុង និងក្រៅប្រទេស សំដៅធានាលំនឹងសង្គម-សេដ្ឋកិច្ចកម្ពុជា និងការពារអាយុ ជីវិតប្រជាជនពីការរាតត្បាតនៃជំងឺកូវីដ១៩ ព្រមទាំងស្ដារនិងជំរុញការ ងើបឡើងវិញនូវកំណើនសេដ្ឋកិច្ចក្រោយពីវិបត្តិកូវីដ១៩ ។
ចំណែកសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ លោក អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងដែរថា គឺជាការរៀបចំឡើងតាមគោលនយោបាយពង្រឹងការគ្រប់ គ្រងថវិកាក្នុងគោលដៅដោះស្រាយបានជាសារវ័ន្តនូវសេចក្តីត្រូវការក្នុងការឆ្លើយតបទៅនឹងអាទិភាពគោល នយោបាយធំៗរបស់រាជរដ្ឋាភិបាល និងតម្រូវការ ចាំបាច់ជាមូលដ្ឋាន របស់ក្រសួង ស្ថាប័ននានា ដើម្បីបម្រើ និងផ្ដល់នូវការឆ្លើយតបប្រកបដោយប្រសិទ្ធភាពទៅនឹងការទន្ទឹងរង់ចាំ និងបំណងប្រាថ្នារបស់ប្រជាជន ដែលជា ម្ចាស់ឆ្នោតនៅក្នុងឆ្នាំ២០១៩ ។
លោក ជាម យៀបប្រធានគណៈកម្មការទី២នៃរដ្ឋសភា និងសមាជិកចូលរួមប្រជុំ បានគាំទ្រសេចក្តីព្រាងច្បាប់ទាំងពីរ និងបានគូសបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ មានសារៈសំខាន់ក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជារបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកបន្ត ថាគណៈកម្មការរដ្ឋសភា បានឯកភាពគាំទ្រទាំងស្រុងលើសេចក្តីព្រាងច្បាប់និងសម្រេចបញ្ជូន សេចក្តីព្រាងច្បាប់ទាំងពីរនេះ ទៅគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ដើម្បីពិនិត្យដាក់បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភា នាពេលខាងមុខ៕ ដោយ ស.សំណាង