ព័ត៌មានជាតិ

លោកបណ្ឌិត លី ឆេង ផ្តល់អាហារូបករណ៍ ១០០% សិក្សាមួយចប់កម្មវិធីទាំងថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេសទូទៅ នៅសាលា ប៊ែលធី អន្តរជាតិ” ដល់កុមារា៣រូប ដែលជិៈកង់កញ្ចាស់ អត់ស្បែកជើងពាក់ប្រណាំង

ភ្នំពេញ ៖ លោក បណ្ឌិត លី ឆេង តំណាងរាស្ត្រ មណ្ឌល រាជធានី ភ្នំពេញ និងជាអគ្គនាយក ប៊ែលធី គ្រុប នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានជួបសំណេះសំណាលជាមួយប្អូនៗ ទាំង ៣នាក់ ដែលជាប់ចំណាត់ ថ្នាក់ផ្នែកប្រណាំងកង់ កាលពីថ្មីៗនេះ និងអាណាព្យាបាល ព្រមទាំងបានផ្តល់អាហារូបករណ៍ ១០០% សិក្សាមួយចប់កម្មវិធីនៅសាលា ប៊ែលធី អន្តរជាតិ” ដោយមើលឃើញ ពីភាពក្លាហាន ចេះតស៊ូក្នុងជីវិត និងមានក្តីស្រមៃចង់បន្តការសិក្សាឱ្យបានខ្ពស់ លោកបណ្ឌិតក៏បានផ្តល់អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់ចំណេះទូទៅ (ពីថ្នាក់ទី៣ ដល់ទី១២) និងភាសាអង់គ្លេសទូទៅ (Preschool ដល់ Level 12) មួយចប់កម្មវិធីសិក្សាជូនដល់ប្អូនៗទាំង ៣នាក់ ឱ្យមកបន្តការសិក្សានៅសាលា ប៊ែលធី អន្តរជាតិ ដែលក្នុងនោះ រួមមាន៖ ១-កុមារា ពេជ្រ ធារ៉ា អាយុ ១៣ឆ្នាំ ២-កុមារា សុវណ្ណ សាលី អាយុ ១៣ឆ្នាំ និង ៣-កុមារា ឈិន ភារម្យ អាយុ ៩ឆ្នាំ។

លោក បណ្ឌិត បានកោតសរសើរប្អូនៗ បើទោះបីជាប្អូនជិះកង់ចាស់ មិនល្អដូចគេយ៉ាង ណាក៏ដោយ ក៏ប្អូនមិនអស់សង្ឃឹម មិនបាក់ទឹកចិត្តនោះដែរ គឺប្អូនបានខិតខំប្រឹងប្រែង ប្រកួតយ៉ាងក្លាហាន និងអស់ពីកម្លាំងកាយចិត្ត រហូតអាចទទួលបានចំណាត់ថ្នាក់លេខ៤ លេខ៥ និងលេខ៦ ក្នុងចំណោមអ្នកចូលរួមប្រកួតជាច្រើននាក់ ដែលមានទាំងជនជាតិខ្មែរ និងបរទេស។ ហើយក៏សូមលើកទឹកចិត្តប្អូនៗ ត្រូវខិតខំសិក្សារៀនសូត្រឱ្យបានពូកែ ធ្វើជាកូនល្អ សិស្សល្អ ពលរដ្ឋល្អនៅក្នុងសង្គម ដើម្បីក្លាយខ្លួនជាទំពាំងស្នងឫស្សី និងជាធនធានដ៏មានសារៈសំខាន់សម្រាប់ជួយអភិវឌ្ឍប្រទេសកម្ពុជា នាពេលអនាគត ។

ទន្ទឹមគ្នានេះ លោក បណ្ឌិតក៏សូមថ្លែងអំណរគុណ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោកស្រី ព្រមទាំងក្រុមការងារ ដែលបានជួយសម្របសម្រួលឱ្យក្មួយៗទាំង ៣នាក់ មានឱកាសបានទទួលអាហារូបករណ៍នាពេលនេះ៕

To Top