ព័ត៌មានជាតិ

ប្រមុខការពារជាតិ ជឿជាក់ថា ទំនាក់ទំនងល្អ កម្ពុជា-ឡាវ នឹងកាន់តែមានភាពស៊ីជម្រៅ នាំមកនូវវឌ្ឍនភាព សេដ្ឋកិច្ច-សង្គមជានិរន្តរ៍

ភ្នំពេញ ៖ សម្ដេចពិជ័យសេនា ទៀបាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ តំណាងសម្តេចតេជោ នាយករដ្ឋមន្រ្តី មានជំនឿជឿជាក់ថា ទំនាក់ទំនងល្អ ប្រសើរ ជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ រវាងប្រជាជាតិកម្ពុជា-ឡាវ នឹងកាន់តែមានភាពស៊ីជម្រៅ រីកចម្រើនរឹងមាំ នាំមកនូវភាពសុខដុម និងវឌ្ឍនភាពសេដ្ឋកិច្ច-សង្គមជានិរន្តរ៍ ដល់ប្រជាជនប្រទេសទាំងពីរ ។

ក្នុងឱកាសនាំនូវអំណោយ របស់រាជរដ្ឋាភិបាល ដែលមាន ម៉ាសចំនួន២លាន១សែន និងបរិក្ខារពេទ្យ សរុបចំនួន១២មុខ ប្រគល់ជូន លោក ថនលូន ស៊ីសូលីត នាយករដ្ឋមន្ត្រី សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ សម្ដេចពិជ័យសេនា ទៀបាញ់បានថ្លែងថា កម្ពុជា និងឡាវមានចំណងមិត្តភាព ជាបងប្អូនដ៏យូរអង្វែង ដែលថ្នាក់ដឹកនាំគ្រប់កម្រិតនៃប្រទេសទាំងពីរ កំពុងបន្តពូនជ្រុំ និងពង្រឹងឱ្យកាន់តែរឹងមាំថែមទៀតជារៀងរាល់ថ្ងៃ។

សម្ដេចបន្តថា ប្រជាជននៃប្រទេសទាំងពីរ បានកៀកស្មាគ្នា តស៊ូប្រយុទ្ធប្រឆាំង នឹងរបបអាណានិគមនិយម និងចក្រពត្តិនិយម ដើម្បីទទួលបានឯករាជ្យ អធិបតេយ្យភាពជាតិ សេរីភាព និងសិទ្ធិស្វ័យសម្រេចរៀងៗខ្លួន។

សម្ដេចបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជា និងឡាវ ក៏មានកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បីនាំមកនូវ សន្តិភាព ស្ថិរភាព សន្តិសុខ ការអភិវឌ្ឍប្រកបដោយចីរភាព និងផលប្រយោជន៍ទៅ វិញទៅមក នៃប្រជាជាតិទាំងពីរ។

ប្រមុខការពារជាតិជឿជាក់ថា “ទំនាក់ទំនងល្អប្រសើរជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ រវាងប្រជាជាតិយើង នឹងកាន់តែមានភាពស៊ីជម្រៅ រីកចម្រើនរឹងមាំ នាំមកនូវភាពសុខដុម និងវឌ្ឍនភាពសេដ្ឋកិច្ច-សង្គមជានិរន្តរ៍ ដល់ប្រជាជនយើងទាំងពីរ ដែលនឹងរួមចំណែកផងដែរដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់”។

ជាមួយគ្នានោះសម្ដេចសង្កត់ធ្ងន់ថា ការចូលរួមវិភាគទាននៅថ្ងៃនេះ ដើម្បីជួយទប់ស្កាត់ការផ្ទុះឡើងនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសឡាវ គឺជាកាយវិការបង្ហាញ នូវមនោសញ្ចេតនាជាបងប្អូន និងសាមគ្គីភាព របស់ប្រជាជនកម្ពុជា ជាមួយប្រជាជនឡាវ នៅក្នុងកាលៈទេសៈដែលពិភពលោក ទាំងមូលកំពុងជួបនឹងបញ្ហាប្រឈម ដែលមិនធ្លាប់មានពីមុនមក លើសុវត្ថិភាពនៃសុខភាព និងសន្តិសុខមនុស្សជាតិ ៕ ដោយ៖ធី លីថូ

To Top