ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានសង្ឃឹមថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នឹងរួមចំណែកក្នុងការបង្កើនទំហំពាណិជ្ជកម្ម កម្ពុជា-ចិន ឲ្យបាន១០ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣ ខាងមុខ ព្រមទាំងចលនាពាណិជ្ជកម្មរវាងកម្ពុជា និងប្រទេសនានា ឲ្យបានកាន់តែច្រើន។
ក្នុងជំនួបពិភាក្សាការងារជាមួយ លោក CHEN JIANGANG ប្រធានក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០២០ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានលើកឡេីងថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ជាកូនបង្កើតរបស់ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ដែលស្ថិតក្នុងក្របខណ្ឌខ្សែក្រវាត់ និងផ្លូវ របស់លោក ស៊ី ជិនពីង ប្រធានាធិបតីចិន។
លោកបន្ដថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានលក្ខណៈពិសេសបំផុត ដែលនៅជិតកំពង់ផែទីក្រុងព្រះសីហនុ និងជាក្បាលម៉ាស៊ីនសម្រាប់នាំចេញ-នាំចូលទំនិញ ដោយសារក្រុងព្រះសីហនុជាប៉ូលសេដ្ឋកិច្ចនិង ទេសចរណ៍សំខាន់បំផុតរបស់កម្ពុជាហើយក្រុមហ៊ុនចិនជាច្រើនបានមកវិនិយោគច្រើន ក្នុងក្រុងព្រះសីហនុ នេះ។
លោកបញ្ជាក់ថា “តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នឹងរួមចំណែកក្នុងការបង្កើនទំហំពាណិជ្ជកម្មកម្ពុជា-ចិន ឲ្យបាន១០ប៊ីលានដុល្លារអាមេរិក (១០ពាន់លានដុល្លារ) ក្នុងឆ្នាំ២០២៣ ព្រមទាំងចលនាពាណិជ្ជកម្មរវាងកម្ពុជានិងប្រទេសនានាផ្សេងទៀត ឲ្យបានកាន់តែច្រើន”។
លោកបញ្ជាក់ថា “តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គួរនាំចេញផលិតផលក្នុងសហគមន៍អាស៊ានដែលមានប្រជាជន ជាង៦០០លាននាក់ ហើយជាមូលដ្ឋានផលិតកម្មសហគមន៍អាស៊ាន”។
ជាងនេះទៅទៀ ត លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុហ នឹងគាំទ្រតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុចូលទី់ផ្សារភាគហ៊ុនកម្ពុជា។ លោក ជឿជាក់ថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ កាន់តែមានការ អភិវឌ្ឍខ្លាំងនាពេលខាងមុខឆាប់នេះ ក្រោយពីចូលទីផ្សារមូលបត្រកម្ពុជា និងហុងកុង។
នាឱកាសនោះដែរ លោក CHEN JIANGANG ប្រធានក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក៏បានថ្លែងថា ក្នុងគោលបំណងដើម្បីឆក់យកឱកាសនៃការអភិវឌ្ឍយុទ្ធសាស្រ្ត ចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ពន្លឿនការសម្រេចនូវការរំពឹងទុក ដែលកសាងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ទៅឧទ្យានអន្ដរជាតិរបស់សម្ដេចតេជោ ហ៊ុន សែន។
លោកបញ្ជាក់ថា បង្កើនការទាក់ទាញវិនិយោគអន្ដរជាតិ ប្រមូលធនធានអន្ដរជាតិ កសាងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុកំពុងរៀបចំឯកសារដើម្បីចុះបញ្ជីផ្សារភាគហ៊ុនកម្ពុជា ដើម្បីទាក់ទាញការវិនិយោគអន្ដរជាតិជា ពិសេសនៅតំបន់អឺរ៉ុបនិងអាមេរិកនិងស្នើសុំ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី គាំទ្រការចុះបញ្ជីក្នុងទីផ្សារភាគហ៊ុន កម្ពុជាទៅជាឧទ្យានអន្តរជាតិ ខិតខំចុះបញ្ជីក្នុងទីផ្សារភាគហ៊ុននៅកម្ពុជា និងបន្ទាប់មកនៅហុងកុង។
សូមរំលឹកថា នៅតំបន់សេដ្ឋកិច្ច ពិសេសក្រុងព្រះសីហនុ ដែលមានក្រុមហ៊ុនវិនិយោគ ទាំងអស់ចំនួន១៦៥ក្រុមហ៊ុន ដែលបានបង្កើតឱកាសការងារ ចំនួន៣០.០០០កន្លែង។ក្នុងរយៈពេលពី ខែមករា ដល់ខែតុលា ក្នុងឆ្នាំ២០២០ ទំហំទឹកប្រាក់នៃការនាំចេញ និង នាំចូល របស់ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានចំនួនសរុប១៣០០លានដុល្លារអាមេរិក បានកើនឡើងចំនួន ៣១ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩៕