ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងយុត្តិធម៌តប ទៅក្តីកង្វល់របស់អ្នករាយការណ៍ UN

ភ្នំពេញ ៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួង យុត្តិធម៌បានឆ្លើយតបទៅក្តីកង្វល់របស់លោកស្រី រ៉ូណាស្មីត អ្នករាយការណ៍ពិសេសអង្គការសហ ប្រជាជាតិ(UN)ប្រចាំកម្ពុជាស្តីពីសិទ្ធិមនុស្សនៅកម្ពុជា។

លោកស្រី រ៉ូណាស្មីត បានបង្ហាញក្តីកង្វល់ក្នុង របាយការណ៍របស់ខ្លួនអំពីស្ថានភាពអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជា កាលពីពេលថ្មីៗនេះ។

ក្រោយឃើញក្តីកង្វល់រួចលោក ជិន ម៉ាលីន បានលើកឡើងពីកត្តា៤ចំណុច។ ទី១. របាយការណ៍នេះ មិនមានមូលដ្ឋានគ្រប់គ្រាន់និងគ្រប់ជ្រុងជ្រោយក្នុងការ សន្និដ្ឋាននិងវាយតម្លៃពីស្ថានភាពអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជានោះទេ ព្រោះការសន្និដ្ឋានរបស់គេ គឺផ្តោតជាសំខាន់តែទៅលើរូបភាពខាងក្រៅតែប៉ុណ្ណោះ ពោលគឺនៅពេលដែលសមត្ថកិច្ចអនុវត្តច្បាប់ចំពោះសកម្មជននិងក្រុមគោលដៅដែលគេការពារ គេសន្និដ្ឋានថាជាការរំលោភសិទ្ធិមនុស្ស តែគេមិនខ្ចីខ្វល់និងធ្វើការវិភាគវែកញែកពីទង្វើនិងសកម្មភាពរបស់ក្រុមគោលដៅទាំងនោះឡើយ ។

២. រដ្ឋាភិបាលនិងសមត្ថកិច្ច មិនបានធ្វើទុក្ខបុកម្នេញលើអ្នកការពារសិទ្ធិមនុស្សនោះទេ មានតែវិធានការ ច្បាប់ចំពោះអ្នកដែលប្រព្រឹត្តបទល្មើសតែប៉ុណ្ណោះ ដែលបានដំណើរការនីតិវិធីតាមផ្លូវតុលាការផ្អែកលើគោលការណ៍ប្រជាធិបតេយ្យនិងនីតិរដ្ឋ។

៣. ការស៊ីឈ្នួលជួបជុំតវ៉ា និងអនុវត្តតាមផែនការខុសច្បាប់របស់អង្គការចលនាចាត់តាំងក្រៅច្បាប់ ក្នុងចេតនាទុច្ចរិតបង្កភាពចលាចល ប៉ះពាល់ដល់សន្តិសុខ សង្គម និងសណ្តាប់ធ្នាប់សាធារណៈ មិនមែនជាសកម្មភាពការពារសិទ្ធិមនុស្សនោះទេ ហើយអ្នកដែលអនុវត្តនូវសកម្មភាពនិងផែនការទាំងនោះ ក៏មិនមែនជាអ្នកការពារសិទ្ធិមនុស្សនោះដែរ តែផ្ទុយទៅវិញ ជា អំពើល្មើសទៅនឹងច្បាប់ ហើយដែលអ្នកប្រព្រឹត្តអំពើ ល្មើសច្បាប់ទាំងនោះក៏ត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់ដែលមានជាធរមានផងដែរ។

៤. រដ្ឋាភិបាល លើកទឹកចិត្តឲ្យពលរដ្ឋចូលរួមការពារ គោរព និងលើកស្ទួយសិទ្ធិមនុស្សលើគ្រប់វិស័យដែលស្ថិតក្នុងក្របខណ្ឌច្បាប់ ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជាតិទាំងមូល និងក៏ប្រកាន់ភ្ជាប់ផងដែរនូវវិធាន ការច្បាប់យ៉ាងម៉ឹងម៉ាត់ចំពោះក្រុមដែលមានផែនការ និងចេតនាទុច្ចរិត បង្កនូវភាពចលាចល និងអសន្តិសុខក្នុងសង្គម ក្រោមរូបភាពនិងលេស សិទ្ធិមនុស្ស ក្នុងគោលដៅការពារសិទ្ធិសេរីភាពអ្នកដ៏ទៃ និងថែរក្សានូវសន្តិសុខ ស្ថេរភាពសង្គម និងសណ្តាប់ឆ្នាប់សាធារណៈ៕

To Top