ព័ត៌មានជាតិ

ក្រុមអ្នកអភិរក្ស រកឃើញប្រភេទ ដើមឈើថ្មី ជិតផុតពូជពីរប្រភេទ នៅក្នុងដែនជម្រក សត្វព្រៃកែវសីមា

ភ្នំពេញ ៖ ដែនជម្រកសត្វព្រៃកែវសីមា ត្រូវបានគេស្គាល់ថាជាទីជម្រកសម្រាប់រុក្ខជាតិតូចៗ និងដើមឈើសរុបជាង ២៦០ប្រភេទ ក្នុងនោះមាន ២០ប្រភេទកំពុងឈាន ទៅរកការផុតពូជជាសកល និង ៥៣ប្រភេទទៀត ត្រូវបានរដ្ឋបាលព្រៃឈើ ចាត់ចំណាត់ថ្នាក់ជាប្រភេទ ឈើប្រណិត ឬប្រភេទឈើលេខ១ លេខ២ ឬលេខ៣។

យោងតាមគេហទំព័រហ្វេសប៊ុក របស់ អង្កការ WCS នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០២០នេះ បានឲ្យដឹងថា ក្រុមអ្នកស្រាវជ្រាវ មកពីប្រទេស ជប៉ុន សហការជាមួយមន្ត្រី រដ្ឋបាលព្រៃឈើកម្ពុជា បានរកឃើញនិងបានដាក់ឈ្មោះ ប្រភេទដើមឈើថ្មីទាំងពីរប្រភេទ ដែលរកឃើញនៅក្នុងតំបន់ ការពារធម្មជាតិនេះ ដោយមួយប្រភេទ បានដាក់ឈ្មោះវិទ្យាសាស្ត្រថា «ម៉ាឈីលូស កាំបូឌីយ៉ាណា (Machilus cambodiana)» ដោយឈ្មោះខាងចុង យកតាមឈ្មោះប្រទេសកម្ពុជា និងមួយប្រភេទទៀត បានដាក់ឈ្មោះវិទ្យាសាស្ត្រថា «ម៉ាឈីលូស សីមេនស៊ីស (Machilus seimensis)» ដោយឈ្មោះខាងចុងយក តាមឈ្មោះដែន ជម្រកសត្វព្រៃកែវសីមា។

ទោះបីជាអង្គការ IUCN មិនទាន់បានដាក់បញ្ចូលរុក្ខជាតិថ្មី ទាំងពីរប្រភេទនេះ ចូលទៅក្នុងបញ្ជីក្រហម របស់ខ្លួនក្តី ក៏ក្រុមអ្នកស្រាវជ្រាវ ជឿថាដើមឈើរកឃើញថ្មី ទាំងពីរប្រភេទនេះ កំពុងរងការគំរាមកំហែង ជិតផុតពូជ ដោយសារប្រភេទរុក្ខជាតិ ទាំងពីរប្រភេទនេះ មានចំនួន តិចតួចនៅក្នុងព្រៃស្រោង ហើយក្រុមអ្នកស្រាវជ្រាវ បានរកឃើញដើមឈើប្រភេទនេះ តែពីរបីដើមប៉ុណ្ណោះ ក្នុងកំឡុងពេលធ្វើការ សិក្សាស្រាវជ្រាវរបស់ខ្លួន ។

ក្រុមអ្នកស្រាវជ្រាវ ក៏បានពិពណ៌នាផងដែរ អំពីប្រភេទរុក្ខជាតិថ្មីៗ នៅឧទ្យានជាតិបូកគោ ខេត្តកំពត និងដែនជម្រកសត្វព្រៃភ្នំដងរែក ភាគកណ្តាល។ សំណាកនៃប្រភេទរុក្ខជាតិថ្មីៗ ទាំងអស់បានរក្សាទុកនៅឯបន្ទប់រក្សា សំណាកជីវៈចម្រុះរបស់រដ្ឋបាលព្រៃឈើ ៕

To Top