ព័ត៌មានជាតិ

ថៃ ផ្តល់ថវិកា ៣ម៉ឺនដុល្លារអាមេរិក ដល់កម្ពុជា ដើម្បីរួមចំណែក ក្នុងការស្តារឡើងវិញ ក្រោយរងគ្រោះ ដោយជំនន់ទឹកភ្លៀង

ភ្នំពេញ៖ រាជរដ្ឋាភិបាលថៃ បានផ្តល់ថវិកា ៣ម៉ឺនដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ ដើម្បីចូលរួមចំណែកក្នុងការស្តារឡើងវិញ ក្រោយរងគ្រោះធម្មជាតិ ដោយជំនន់ទឹកភ្លៀង ។ នេះបើយោងតាមគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ។ ការផ្តល់ថវិកាបង្ហាញ ពីសមានចិត្តរបស់រាជរដ្ឋាភិបាល ក្នុងនាមជាប្រទេសភូមិផង របងជាមួយគ្នា និងជាការបង្ហាញឱ្យឃើញពីការរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ក្នុងទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរផងដែរ ។

ថវិកាជំនួយ របស់រាជរដ្ឋាភិបាលថៃ ត្រូវបានលោក Panyarak Poolthup ឯកអគ្គរាជទូតថៃ ប្រចាំនៅកម្ពុជា ប្រគល់ជូន នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុក បេសកកម្មពិសេស ជាអនុប្រធានទី១ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅទីស្នាក់ការកណ្តាល សមាគមអតីតយុទ្ធជន ស្ថិតនៅឃុំ គគី ស្រុកកៀនស្វាយ ខេត្តកណ្តាល ៕

To Top