ព័ត៌មានជាតិ

អង់គ្លេស នឹងពង្រីកប្រតិបត្តិការ ជាមួយកម្ពុជា ដើម្បីជំរុញការអភិវឌ្ឍ និងពាណិជ្ជកម្ម ឲ្យកាន់តែរីកចំរើន

ភ្នំពេញ ៖ ក្នុងអាណិត្តបំពេញ ភារកិច្ចការទូត នៅកម្ពុជា លោកស្រីTina Redshaw ឯកអគ្គរដ្ឋទូតអង់គ្លេស ប្រចាំកម្ពុជា នឹងបន្តខិតខំពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសបន្តជំរុញការអភិវឌ្ឍ វិស័យឯកជន និងពាណិជ្ជកម្មនានា ឲ្យកាន់តែរីកចំរើនបន្ថែមទៀត។ នេះបើយោង តាមសេចក្ដីជូនដំណឹង របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ក្នុងជំនួបពិភាក្សាការងារ ជាមួយ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច កាលពី ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ លោកស្រីTina Redshaw បានកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបាននូវ សមិទ្ធផល ផ្លែផ្កាជាច្រើន ជាពិសេស ការចាត់វិធានការយ៉ាង ល្អប្រសើរ ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ។

លោកស្រីគូសបញ្ជាក់ថា «ក្នុងអាណិត្តបំពេញភារកិច្ចការទូតនេះ នឹងបន្តខិតខំពង្រឹង និងពង្រីកកិច្ចសហប្រតិ បត្តិការ លើគ្រប់វិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស នឹងបន្តជំរុញការអភិវឌ្ឍវិស័យ ឯកជន និងសកម្មភាពពាណិជ្ជកម្មនានាឲ្យកាន់តែរីក ចំរើនបន្ថែមទៀត»។

ឆ្លៀតឱកាសនោះ លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែង អំណរគុណរដ្ឋាភិបាលអង់គ្លេស តែងតែជួយឧបត្ថម្ភ គាំទ្រចូលរួមចំណែក ជាមួយបណ្តាដៃគូអភិវឌ្ឍន៍នានា ដោយផ្តល់ជំនួយ បច្ចេកទេស និងហិរញ្ញប្បទានឥតសំណង ជាបន្តបន្ទាប់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា ពិសេសការអភិវឌ្ឍវិស័យអប់រំ តាមរយៈការផ្តល់នូវអាហារូបករណ៍ថ្នាក់ឧត្តមសិក្សា ,ថ្នាក់ក្រោយឧត្តមសិក្សា ,វគ្គបណ្តុះបណ្តាលដល់មន្រ្តីរាជការ និងនិស្សិតកម្ពុជាឲ្យទៅសិក្សា នៅអង់គ្លេសជាដើម។

លោកក៏បានសង្កត់ធ្ងន់ថា បើទោះជាពិភពលោកកំពុងស្ថិត ក្នុងស្ថានភាពប្រឈមទៅនឹងជំងឺ Covid-19 ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់អាយុជីវិត ,រំខានដល់ សកម្មភាព សេដ្ឋកិច្ច-ពាណិជ្ជកម្ម និងជីវភាពរស់នៅ , រាជរដ្ឋាភិបាលកម្ពុជាខិតខំ និងត្រៀមលក្ខណៈ ក្នុងការផ្តល់កិច្ចសហការគំាទ្រ បន្តពង្រីកកិច្ច សហប្រតិបត្តិការនានាបន្ថែមទៀត ដើម្បីសម្រេចបាន នូវសមិទ្ធផលកិច្ច សហប្រតិបត្តិការល្អប្រសើរទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន។

សូមជម្រាបថា ក្នុងជំនួបពិភាក្សាការងារ នេះដែរ កម្ពុជា-អង់គ្លេស ក៏ផ្លាស់ប្តូរ ទស្សនៈទានលើឥទ្ធិពលនៃការប្រែប្រួល អាកាសធាតុ ,លទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធកាលពីសប្តាហ៍កន្លងមក ជាដើម និងប្តេជ្ញា នឹងបន្តជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការ សកម្មភាពពាណិជ្ជកម្ម និងជំរុញការទាក់ទាញអ្នក វិនិយោគិន ទៅវិញទៅមកឲ្យបានច្រើនបន្ថែមទៀត ៕

ដោយ ៖ អេង ប៊ូឆេង

To Top