ភ្នំពេញ៖ ក្នុងឱកាសនាំយកពូជស្រូវចែកជូន ប្រជាពលរដ្ឋអតីតមេបក្សប្រឆាំលោកនកឹម សុខាបានអះអាងថា លោកចង់ឃើញខ្មែចេះជួយគ្នា មិនប្រកាន់និន្នការនយោបាយ ជាងការជេរនិងចោទប្រកាន់ដាក់គ្នា។
លោក កឹម សុខា បានសរសេលើបណ្តាញ សង្គមហ្វេសប៊ុក នៅរសៀលថ្ងៃទី១៨ វិច្ឆិកា ឆ្នាំ២០២០ថា «ខ្មែរចេះជួយគ្នាដោយមិនប្រកាន់និន្នាការ ប្រសើរជាងចេះជេរ ចោទ ឬចងពៀរនឹងគ្នា»។
ការលើកឡើងរបស់លោក កឹម សុខា បែបនេះក្នុងពេលលោកនិងសហការី បាននាំយកស្រូវពូជខ្មែរ ចំនួនប្រាំបីតោន (8000kg) ដែលជាជំនួយសប្បុរសធ៌ម របស់បងប្អូនខ្មែរដែលរស់នៅ ក្រៅប្រទេស ចែកជូនប្រជាកសិករខ្មែរ នៅស្រុកថ្មគោល ១០០គ្រួសារ និងស្រុកសង្កែ ១០០គ្រួសារ។
លោកបញ្ជាក់ថា “សប្តាហ៍មុន យើងខ្ញុំបានចែកស្រូវពូជ ជូនប្រជាកសិករពីរខេត្ត គឺខេត្តពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ រីឯខេត្តបាត់ដំបងដែលរងគ្រោះ ដោយទឹកជំនន់ធ្ងន់ធ្ងរដែរ ក៏ប៉ុន្តែកន្លងមកនេះ សហការីខ្ញុំរកទិញស្រូវពូជខ្មែរមិនបាន ទើបតែរកទិញបាននៅពេលនេះ។ ខ្ញុំនឹងយកជំនួយមនុស្សធម៌ របស់បងប្អូនខ្មែរទៅចែកជូន ប្រជាកសិករយើងនៅខេត្តផ្សេងបន្តទៀត តាមលទ្ធភាព”។
អតីតមេបក្សប្រឆាំងបានគូសបញ្ជាក់ថា “ខ្ញុំសូមបញ្ជាក់ថា ជំនួយមនុស្សធម៌ទាំងនេះ ទោះតិចឬច្រើនក្តី គឺជាសទ្ធាក្នុងការចូលរួម របស់បងប្អូនខ្មែរដែលរស់នៅក្នុងនិង ក្រៅប្រទេស ដូចជា សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី កូរ៉េខាងត្បូង និងប្រទេសខ្លះនៅអឺរ៉ុបដូចជា ហូលឡង់ដ៍ ន័រវ៉េរ បារាំង អាឡឺម៉ង់ ជាដើម ដែលសុំឲ្យខ្ញុំយកមកចែកជូន ប្រជាកសិករខ្មែរយើង ដែលរងគ្រោះដោយទឹកជំនន់”។
លោកបន្ថែមថា “ជាថ្មីម្តងទៀត ខ្ញុំសូមកោតសរសើរ និងសូមថ្លែងអំណរគុណ ចំពោះសប្បុរសជនខ្មែរដែលមាន ចិត្តមនុស្សធម៌ សាមគ្គីភាពជួយខ្មែរដូចគ្នា ដោយមិនប្រកាន់និន្នាការ” ។
លោក ក៏បានអរគុណអាជ្ញាធរមូលដ្ឋាន ដែលបានសហការជួយប្រជាពលរដ្ឋយើង និងសូមអរគុណបងប្អូនដែលបានអញ្ជើញ មកទទួលជំនួយមនុស្សធម៌ពីខ្ញុំផ្ទាល់ ដោយក្តីសប្បាយរីករាយជាភាតរភាព ទោះបីតិចតួចក្តី។
ជាមួយគ្នានោះដែរលោកក៏សូមជូនពរ ដល់បងប្អូនជនរួមជាតិខ្មែរទាំងក្នុង និងក្រៅប្រទេសទាំងអស់ សូមទទួលបាននូវសេចក្តីសុខ និងសេចក្តីចម្រើន ជាពិសេស សូមឲ្យចៀសផុតពីជំងឺរាតត្បាត កូវីដ-១៩ជារៀងរហូត ៕