ភ្នំពេញ៖លោក ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសា ធារណៈ បានស្នើដល់អាស៊ាន ឲ្យបន្តការផ្លាស់ប្តូរព័ត៌មាន ជាមួយប្រទេសសមាជិក អាស៊ាន-ចិន-កូរ៉េ និងជប៉ុន ទាក់ទងទៅនឹង ការរាតត្បាតនៃជំងឺកូវីដ១៩ ឱ្យបានទាន់ពេលវេលា ។
ក្នុងកិច្ចប្រជុំប្រមុខដឹកនាំ មុខងារសាធារណៈ អាស៊ាន និងកិច្ចប្រជុំប្រមុខដឹកនាំមុខងារ សាធារណៈអាស៊ានបូក បី (ចិន កូរ៉េ ជប៉ុន) តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ លោកព្រុំ សុខា បានថ្លែងថា ប្រមុខមុខងារសាធារណៈអាស៊ាន ឯកភាព ចំពោះការបន្ត ពង្រឹងបណ្តាញស្ថាប័នបណ្តុះបណ្តាលរដ្ឋបាល សាធារណៈរបស់អាស៊ាន ដើម្បីជំរុញការអភិវឌ្ឍ សមត្ថភាព មន្រ្តីរាជការ នៃប្រទេសសមាជិកអាស៊ាន ។
ជាមួយគ្នានោះលោកបន្តថា ប្រមុខមុខងារសាធារណៈអាស៊ាន និងអាស៊ានបូកបី បានធ្វើការផ្លាស់ប្តូរទស្សនៈ ពាក់ពា័ន្ធនឹងការប្រយុទ្ធប្រឆាំងការរាតត្បាតជំងឺកូវីដ១៩។
ក្នុងឱកាសនោះ លោករដ្ឋមន្រ្តីក៏បានលើកឡើង អំពីយុទ្ធសាស្រ្តជាតិនិងវិធានការ មួយចំនួន ក្នុងវិស័យមុខងារសាធារណៈកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩ ដែលមានជាអាទិ៍រួមមាន៖ ការរក្សាប្រាក់ បៀវត្សរ៍មន្រ្តីរាជការ ,ការផ្អាកការជ្រើសរើសមន្រ្តី រាជការក្របខណ្ឌថ្មី ក្នុងឆ្នាំ២០២០ ដើម្បីជួយសន្សំថវិកាជាតិ, ការរៀបចំរបៀប នៃការបំពេញការងារ របស់មន្ត្រី, ការរក្សាប្រក្រតីភាពនៃដំណើរការ ផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ដោយគោរពតាមវិធានការ ណែនាំរបស់ក្រសួងសុខាភិបាល។
លើសពីនេះទៀត ចំពោះក្របខណ្ឌតំបន់ លោកថ្លែងថា “អាស៊ានគួរតែបន្តការផ្លាស់ប្តូរព័ត៌មាន ជាមួយប្រទេសសមាជិកអាស៊ាន ចិន កូរ៉េ និងជប៉ុន ទាក់ទងទៅនឹងការរាតត្បាតនៃជំងឺកូវីដ១៩ ឱ្យបានទាន់ពេលវេលា” ។
បន្ថែមពីនេះទៀត លោកសង្កត់ធ្ងន់ថា អាស៊ានគួរបន្តជួយប្រទេស ជាសមាជិក តាមរយៈជំនួយមនុស្សធម៌ផ្អែកលើលទ្ធភាព ជាក់ស្តែង ដោយកម្ពុជាថ្មីៗនេះ បានផ្តល់ម៉ាស់ចំនួនជាង ២លាន និងឧបករណ៍សុខាភិបាលមួយចំនួនទៀតដល់ប្រទេសឡាវផងដែរ។
ក្នុងឱកាសនោះ ប្រទេសសមាជិកអាស៊ានទាំងអស់ បានវាយតម្លៃខ្ពស់ និងមានមោទនភាព ចំពោះកិច្ចប្រឹងប្រែង សមិទ្ធផល និងវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ រវាងប្រទេសសមាជិកអាស៊ាន និងអាស៊ានបូកបី លើវិស័យមុខងារសាធារណៈ ទោះជាស្ថិតនៅក្នុងស្ថានភាព នៃការរីករាលដាលជំងឺកូវីដ១៩ក៏ដោយ។
សូមបញ្ជាក់ថា កិច្ចប្រជុំបានអនុម័តផែនការ សកម្មភាពក្នុងក្របខណ្ឌកិច្ច សហប្រតិបត្តិការអាស៊ាន លើវិស័យមុខងារ សាធារណៈ ឆ្នាំ២០២១ ដល់ ឆ្នាំ២០២៥ និងផែនការសកម្មភាពក្នុងក្រប ខណ្ឌកិច្ចសហប្រតិបត្តិការអាស៊ាន លើវិស័យមុខងារសាធារណៈបូកបី (ចិន កូរ៉េ ជប៉ុន) ឆ្នាំ២០២០១ ដល់ ឆ្នាំ២០២៥ ៕ ដោយ៖ធី លីថូ