ព័ត៌មានជាតិ

សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ រៀបចំសន្និសីទ កិច្ចសហប្រតិបត្តិការអន្តរជាតិ លើកទី៣ BICC 2020 (ប៊ីកស៊ី ២០២០) តាមរយៈ Video Conference ជាមួយសាកលវិទ្យាល័យដៃគូចំនួន ២០ មកពី ១៣ប្រទេសជុំវិញពិភពលោក

ភ្នំពេញ ៖ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានរៀបចំពិធីបើកសន្និសីទ កិច្ចសហប្រតិបត្តិការអន្តរជាតិ លើកទី៣ ឆ្នាំ២០២០ BICC2020-ប៊ីកស៊ី២០២០ (3rd BELTEI International Collaboration Conference 2020) តាមប្រព័ន្ធវីដេអូ (Video Conference) ក្រោមប្រធានបទ “ការរៀបចំសម្រាប់ជីវិត សិក្សានៅក្រៅប្រទេស (Preparation for Overseas Study Life)” ក្រោមអធិបតីភាព លោកបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ អគ្គនាយក ប៊ែលធី គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ព្រមទាំងមានការអញ្ជើញចូលរួម និងធ្វើបទបង្ហាញពីសាកលវិទ្យាល័យដៃគូចំនួន ២០ មកពី ១៣ប្រទេស ជូនដល់សិស្សប៊ែលធីថ្នាក់ទី១២ សរុបចំនួន ៣,៧០០នាក់ ។

លោក លី ណាវុឌ្ឍ អគ្គនាយករងប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានមានប្រសាសន៍ថា នេះជាលើកទី៣ហើយ ដែលសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរៀបចំសន្នីសីទ ជាលក្ខណៈអន្តរជាតិនៅកម្ពុជា ក្នុងគោលបំណងពង្រឹងមិត្តភាព កិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យដៃគូ នៅឯក្រៅប្រទេស ដែលបានចុះ អនុស្សារណៈយោគយល់គ្នា (MoU) ដើម្បីរួមចំណែកលើកកម្ពស់វិស័យអប់រំ និងគុណភាពអប់រំនៅកម្ពុជា ឱ្យមានការទទួលស្គាល់ជាអន្តរជាតិ ដែលមាន ៦ចំណុចសំខាន់ៗ ៖
១-បង្កើនកិច្ចសហប្រតិបត្តិការ រវាងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងសាកលវិទ្យាល័យដៃគូទាំងអស់ នៅក្រៅប្រទេស
២-ផ្សព្វផ្សាយព័ត៌មាន អំពីកម្មវិធីសិក្សា មុខវិជ្ជាសិក្សា អាហារូបករណ៍ ការស្នាក់នៅនិងឱកាសទទួលបានការងារ ធ្វើជូនដល់សិស្ស-និស្សិតកម្ពុជា ដែលមានបំណងចង់ទៅ សិក្សានៅក្រៅប្រទេស
៣-លើកទឹកចិត្តសិស្ស-និស្សិតពូកែប៊ែលធី ដែលទទួលបានអាហារូបករណ៍ ឱ្យទៅសិក្សានៅសាកលវិទ្យាល័យដៃគូ ក្រៅប្រទេស
៤-បង្កើនកម្មវិធីផ្លាស់ប្តូរនិស្សិត (Student Exchange Program) ពីកម្ពុជាទៅក្រៅប្រទេស និងពីក្រៅប្រទេសមកកម្ពុជា
៥-ពង្រឹងគុណភាពអប់រំ ដើម្បីឱ្យសិស្ស-និស្សិតប៊ែលធី អាចផ្ទេរការសិក្សា (ផ្ទេរក្រេឌីត) ទៅសិក្សានៅសាកលវិទ្យាល័យដៃគូ នៅក្រៅប្រទេស
៦-លើកកម្ពស់វិស័យអប់រំ និងពង្រឹងគុណភាពសិក្សា តាមរយៈការចែករំលែក បទពិសោធន៍អប់រំពីគ្នាទៅវិញទៅមក

លោកបណ្ឌិត Wilfred Zerbe នាយកប្រតិបត្តិសាខា Vancouver នៃសាកលវិទ្យាល័យ Fairleigh Dickinson មកពីប្រទេស កាណាដា បានថ្លែងអំណរគុណចំពោះសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដែលបានរៀបចំសន្និសីទ អន្តរជាតិនេះឡើង និងបានលើកទឹកចិត្តដល់សិស្ស-និស្សិតកម្ពុជា ឱ្យខិតខំសិក្សារៀនសូត្រ ដើម្បីមានឱកាសអាច ទទួលបានអាហារូបករណ៍ ទៅបន្តការសិក្សានៅក្រៅប្រទេស ។

ជាមួយគ្នានោះដែរ ក៏មានការចែករំលែកបទពិសោធន៍ អំពីជីវិតសិក្សានៅក្រៅប្រទេស របស់អតីតសិស្សនិទ្ទេស A និងជានិស្សិតអាហារូបករណ៍ឧកញ៉ា លី ឆេង ចំនួន ២រូប គឺប្អូន ស គីមស៊ា កំពុងសិក្សានៅសាកលវិទ្យាល័យ Fairleigh Dickinson នៃប្រទេសកាណាដា និងប្អូន កាំង ស៊ិញលី កំពុងសិក្សានៅសាកលវិទ្យាល័យ បាងកក នៃព្រះរាជាណាចក្រថៃ។

ឋិតក្នុងឱកាសនោះ លោកបណ្ឌិត លី ឆេង បានជម្រាបជូនអង្គសន្និសីទអំពី សន្តិភាព ស្ថិរភាពនយោបាយ និងការរីកចម្រើនលើគ្រប់វិស័យ របស់កម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ពិសេសការខិតខំប្រឹង ប្រែងទប់ស្កាត់ និងដោះស្រាយ នូវរាល់បញ្ហាប្រឈមនានា ដែលបង្កឡើងដោយជំងឺកូវីដ១៩ ។ លោកបណ្ឌិត ក៏បានជម្រាបផងដែរ អំពីស្ថានភាព បណ្តុះបណ្តាល របស់គ្រឹះស្ថាន សិក្សាសាធារណៈ និងឯកជន ដែលបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន តាមគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) និងការណែនាំនានា របស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងកំឡុងពេលវិបត្តិកូវីដ១៩ នេះ ។

លោកបណ្ឌិត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ គណៈគ្រប់គ្រង នៃគ្រឹះស្ថានសិក្សាទាំង២០ មកពី ១៣ប្រទេសជុំវិញពិភពលោក ដែលបានចំណាយពេលវេលា ដ៏មានតម្លៃចូលរួមសន្និសីទ ដ៏មានសារៈសំខាន់នេះ ជាពិសេសបានធ្វើបទបង្ហាញ ចែករំលែកព័ត៌មានសិក្សា របស់សាកលវិទ្យាល័យខ្លួន នៅឯក្រៅប្រទេស ជូនដល់សិស្ស-និស្សិតកម្ពុជា តាមរយៈប្រព័ន្ធ វីដេអូ (Video Conference) ។

លោកបណ្ឌិត បានបន្ថែមថា សន្និសីទ BICC 2020 (ប៊ីកស៊ី២០២០) នេះ ពិតជាបានរួមចំណែកយ៉ាងធំធេង ក្នុងការបង្កើនធនធានមនុស្ស ប្រកបដោយសមត្ថភាពនៅកម្ពុជា ស្របតាមយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការ ។ ជាមួយគ្នានោះដែរ លោកបណ្ឌិត ក៏បានលើកទឹកចិត្ត ដល់គណៈគ្រប់គ្រង នៃសាកលវិទ្យាល័យដៃគូ នៅក្រៅប្រទេសទាំងអស់ បន្តចូលរួមសន្និសីទ កិច្ចសហប្រតិបត្តិការ អន្តរជាតិ ប៊ែលធី លើកទី៤ នៅឆ្នាំ២០២១ ខាងមុខនេះ ក្នុងគោលបំណងរួមគ្នាពង្រឹងគុណភាព អប់រំ ទាំងថ្នាក់ជាតិ និងអន្តរជាតិ ជាពិសេសបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ឱ្យបានកាន់តែប្រសើរបន្ថែមទៀត ៕

To Top