ព័ត៌មានជាតិ

អភិបាលរាជធានីភ្នំពេញ បង្ហើបរឿងរ៉ាវ ពីក្រោយកូដកម្ម របស់កម្មករស៊ីនទ្រី កាលពីពេលកន្លងទៅ

ភ្នំពេញ ៖ រឿងរ៉ាវ កូដកម្ម របស់កម្មករស៊ីនទ្រី មិនចេញប្រមូលសំរាម កាលពីពេលកន្លងទៅ បានធ្វើឲ្យសំរាម ជាច្រើនកកស្ទះពេញដងផ្លូវ និងទីសាធារណៈនានា ជុំវិញរាជធានីភ្នំពេញ ដែលរដ្ឋបាលរាជធានីភ្នំពេញ ធ្វើការដោះស្រាយ បានយ៉ាងល្អប្រសើរ ជូនប្រជាពលរដ្ឋ ហើយរឿងរ៉ាវ នៅពីក្រោយកូដកម្មនេះ ត្រូវបានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បញ្ជាក់ថា មានអ្នកនយោបាយ នៅពីក្រោយខ្នង មិនមែនជារឿងបញ្ហា ទាមទារប្រាក់អតីតភាព តែមួយនោះទេ ។

ក្នុងឱកាសចុះសួរសុខទុក្ខ និងនាំយកអំណោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុន សែន ចែកជូនដល់ប្រជាការពារ ខណ្ឌព្រែកព្នៅ និងខណ្ឌឫស្សីកែវ នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោក ឃួង ស្រេង បានមានប្រសាសន៍ថា “ចុងឆ្នាំនេះ យើងជួបនៅឧបទ្ទេវហេតុ ៣ផ្ទួនៗ ទី១ជួបឧបទវហេតុ ការកកស្ទះសំរាម នៅពេលដែលយើងកកស្ទះសំរាម កម្លាំងស្នូលបំពេញការងារ ដំបូងគេ គឺបញ្ជាការពារ ប៉ុន្តែសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានផ្តល់អនុសាសន៍ ដល់រដ្ឋបាលរាជធានីភ្នំពេញថា សម្តេចនឹងបញ្ចេញកម្លាំង នគរបាលជាតិ ដើម្បីអន្តរាគមន៍ លើបញ្ហានេះ នេះជាចំណុចសំខាន់ ដែលយើងទាំងអស់គ្នា ត្រូវមើលអោយដឹងពីតួនាទី សំខាន់របស់កងកម្លាំង” ។

លោក ឃួង ស្រេង លើកឡើងថា “ហេតុអ្វីបានអភិបាលរាជធានីភ្នំពេញ ម្តេចមិនអោយ គេទាមទារ ៥ចំណុចនឹង ម្តេចមិនអោយគេទៅ ថាទាមទារ៥ចំណុចនោះ វាខុសច្បាប់ អោយទៅខ្ញុំអ្នកខុសច្បាប់ ខុសនយោបាយ របស់រដ្ឋាភិបាល អោយវាមិនកើត ។ គេរុញអោយយើង អោយអានឹងទៅ ដើម្បីអោយយើងខុសច្បាប់ ចំណុចនេះសំខាន់ណាស់ ដែលខ្ញុំមិនអាចអោយបាន មិនមែនថា មើលមិនឃើញទេ ដូច្នេះហើយក៏សូមអធ្យាស្រ័យថា ការសំរាមកកស្ទះនេះ គឺមានបញ្ហានយោបាយ មិនមែនមានបញ្ហា ជាមួយកម្មករ រឿងលុយអតីតភាពទេ គឺបញ្ហានយោបាយ” ។

លោកបានបញ្ជាក់ថា “មានអ្នកនយោបាយ នៅពីក្រោយខ្នង បុករុកពីបញ្ហានេះ និយាយបែបនេះ ខាងប្រឆាំងថា អោយតែមានបញ្ហាអ្វី ចោទទៅលើនយោបាយ មានអ្នកបញ្ជា ពីប្រទេសថៃមកថា កុំយក” ។

លោកអភិបាលរាជធានី ថែមទាំង ឲ្យដឹងទៀតថា “គេសង្ឃឹមថា ១ខែទៀតភ្នំពេញ ក្លាយជាគំនរសំរាម ចឹងហើយបានថា តួនាទីរបស់បញ្ជាការពារ ក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ របស់រដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងកងកម្លាំង ប្រដាប់អាវុធ បានធ្វើកិច្ចការងារនេះ បានល្អ ធ្វើឲ្យសំរាម យើងមានការធូរស្រាល”។

ទោះជាមានការលើកឡើងថា មានអ្នកនយោបាយ នៅពីក្រោយរឿងនេះក្តី ប៉ុន្តែលោកអភិបាលរាជធានីភ្នំពេញ មិនបានអោយដឹងទេថា ជនណា ឬអ្នកនយោបាយណានោះឡើយ ។
សូមបញ្ជាក់ថា ចំពោះការចុះសួរសុខទុក្ខ និងចែកអំណោយ ដល់បងប្អូនសន្តិសុខ សណ្ដាប់ធ្នាប់ខណ្ឌ ទាំងនេះធ្វើឡើង ដើម្បីជាការលើកទឹកចិត្តផង និងដូចជាការតបស្នង ចំពោះកងកម្លាំងសន្តិសុខ សណ្ដាប់ធ្នាប់ខណ្ឌទាំងអស់ ដែលបានយកអស់ កម្លាំងកាយចិត្ត ទាំងការថែរក្សាសណ្ដាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ពិសេសក្នុងពេលមានបញ្ហា កម្មករប្រមូលសំរាម ក្រុមហ៊ុនស៊ិនទ្រី ធ្វើកូដកម្មមិនចេញប្រមូលសំរាម មួយរយៈនោះ គឺបានកងកម្លំាង សន្តិសុខសណ្ដាប់ធ្នាប់ខណ្ឌនេះហើយ ដែលចេញជួយធ្វើការប្រមូលសំរាម ក្នុងមូលដ្ឋាន ជាមួយអាជ្ញាធរមូលដ្ឋាន ៕ ដោយ៖ ដារាត់

To Top