ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ពីករណីជាសះស្បើយអ្នកជំងឺកូវីដ១៩ ចំនួន៣នាក់ និងមិនមានរកឃើញអ្នកឆ្លងថ្មីនោះទេ។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា អ្នកជាសះស្បើយទាំង៣នាក់ នោះរួមមាន ៖
-បុរសជនជាតិប៉ាគីស្ថាន អាយុ៣៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ភ្នំពេញ បានធ្វើដំណើរមកពីប្រទេសឥណ្ឌា ដោយឆ្លងកាត់ប្រទេសអារ៉ាប់ប៊ីសាអូឌីត និងបន្តជើងហោះហើរ នៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០។
-បុរសជនជាតិខ្មែរអាយុ ២៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល
-បុរសជនជាតិខ្មែរអាយុ ៣៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ភូមិទំនប់ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ
ពួកគាត់ទាំងពីរនាក់ បានធ្វើដំណើរមកពីប្រទេសជប៉ុន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០។
បុគ្គលទាំងបីនាក់ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
សូមជម្រាបថា គិតត្រឹថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជារកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ៣០៤នាក់ (ស្ត្រី ៦២នាក់ និងបុរស ២៤២នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេស មានចំនួន២៩៤នាក់ និងអ្នកសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន០៩នាក់ និងអ្នកសម្រាកព្យាបាល នៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ចំនួន១នាក់៕