ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា អគារទីស្តីការ ក្រសួងសាធារណការថ្មី ដែលមានទីតាំងនៅផ្លូវលេខ៥៩៨ សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ សាង សង់បានចំនួន ៩៥% ហើយ។
ក្នុងឱកាសចុះពិនិត្យមើលវឌ្ឍនភាព នៃការសាងសង់អគារទីស្តីការក្រសួងថ្មី កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០លោក ស៊ុន ចាន់ថុល បានថ្លែងថា ការសាងសង់អគារទីស្តីការ ក្រសួងសាធារណការថ្មី សម្រេចបានស្ទើរតែទាំងស្រុង ហើយគ្រោងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្នុងពេលឆាប់ៗខាងមុខនេះ ក្រោយគោរពស្នើសុំគោលការណ៍ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោកបញ្ជាក់យ៉ាងដូច្នេះថា «មកដល់ពេលនេះ ការសាងសង់សម្រេចបានស្ទើរតែទាំងស្រុង ពោលគឺ ៩៥%ហើយ នៅ តែការងារសេសសល់មួយចំនួនប៉ុណ្ណោះ ដូចជា៖ ការសម្អាតបរិវេណអគារ ការតុបតែងខាងក្នុងអគារ ការដាំស្មៅក្នុង សួន បង្កើនសោភ័ណភាព ការដាំដើមឈើ និងការក្រាលកៅស៊ូបេតុងផ្លូវចេញ-ចូល ជាដើម»។
ជាងនេះទៅទៀត លោកទេសរដ្ឋមន្ត្រី បានណែនាំឲ្យគណៈកម្មការ ទទួលបន្ទុកការងារសាងសង់ ធ្វើការកែសម្រួល ចំណុចខ្វះខាតមួយចំនួននៅខាងក្រៅ ដូចជា ផ្ទៃខាងក្នុងអគារ ដើម្បីបង្កើនគុណភាព និងលើកកម្ពស់សោភ័ណភាព អគារឲ្យកាន់តែល្អប្រសើរ សំដៅធ្វើយ៉ាងណាសម្រួលដល់ ការបំពេញការងាររបស់ មន្ត្រីរាជការប្រកបដោយផាសុក ភាព។
សូមបញ្ជាក់ថា អគារទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូនថ្មីនេះ ត្រូវបានប្រារព្ធពិធីក្រុងពាលីបើកការដ្ឋាន សាងសង់ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ហើយគ្រោងបញ្ចប់ការសាងសង់ជាស្ថាពរ នៅដំណាច់ឆ្នាំ២០២០៕
ដោយ៖ អេង ប៊ូឆេង