ព័ត៌មានជាតិ

វគ្គបណ្ដុះបណ្ដាលស្តីពី “របបសន្តិសុខសង្គម ផ្នែកប្រាក់សោធន” ជូនដល់ មន្រ្តីជំនាញ គ្រប់ការិយាល័យ មុននឹងដាក់ ឲ្យប្រើប្រាស់ ជាផ្លូវការ នៅពេលដ៏ខ្លីខាងមុខ

ភ្នំពេញ៖ វគ្គបណ្ដុះបណ្ដាល “របបសន្តិសុខសង្គម ផ្នែកប្រាក់សោធន” របស់បេឡាជាតិ សន្ដិសុខសង្គម ជូនដល់ មន្រ្តី បុគ្គលិកជំនាញ គ្រប់ការិយាល័យ នៃស្នាក់ការកណ្តាល ប.ស.ស. នាព្រឹកនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាព លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គម បន្ទាប់ពីលោកអគ្គនាយក បានបើកវគ្គបណ្ដុះបណ្ដាល តាមរយៈវីដេអូ Conference ទៅដល់មន្រ្តី គ្រប់សាខា ប.ស.ស. ខេត្ត/ខណ្ឌ ម្ដងរួចមកហើយ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងមកថ្មីៗនេះ។

ថ្លែងនៅពេលបើកវគ្គ​ បណ្ដុះបណ្ដាលនេះដែរ លោកអគ្គនាយក បានបញ្ជាក់ថាៈ ចំពោះរបបសន្ដិសុខសង្គម នៃព្រះរាជាណាចក្រកម្ពុជា បង្កើតឡើងក្នុងគោលដៅ ធានាឱ្យមានសមធម៌ និងសាមគ្គីធម៌សង្គម ដើម្បីលើកកម្ពស់ សុខុមាលភាព និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ដែលទាក់ទងទៅនឹង តាវកាលិក ផ្នែកប្រាក់សោធន រួមមានសោធនជរាភាព សោធនទុព្វលភាព និងសោធនឧត្តរជីវី ។

របបសន្ដិសុខសង្គម ផ្នែកប្រាក់សោធននេះ ជាសមិទ្ធផលថ្មី ក្នុងសម័យសន្ដិភាព ដូចនេះ មន្រ្តី បុគ្គលិកជំនាញ គ្រប់ការិយាល័យទាំងអស់ នៃ ប.ស.ស. ត្រូវយកចិត្តទុកដាក់ ខិតខំរៀនសូត្រ និងយល់ដឹង ឱ្យបានច្បាស់ ក្នុងការអនុវត្ត តួនាទីរបស់ខ្លួន និងដើម្បីជាមធ្យោបាយ ក្នុងការផ្សព្វផ្សាយ ទៅកាន់សមាជិក ក៏ដូចជាសហគ្រាស គ្រឹះស្ថាន និងអង្គភាពពាក់ព័ន្ធទាំងអស់ ឱ្យយល់ដឹងពីអត្ថប្រយោជន៍ ដែលពួកគាត់ត្រូវទទួលបាន។

លោកអគ្គនាយក បានថ្លែងបន្ដថា៖ ដោយមានការយកចិត្តទុកដាក់​ គិតគូរពីសុខុមាលភាព និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំ ប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា របបសន្ដិសុខសង្គម ផ្នែកប្រាក់សោធន នឹងដាក់ដំណើរការ នាពេលឆាប់ៗខាងមុខនេះ ហើយបុគ្គលដែលត្រូវគាំពារ ផ្នែកប្រាក់សោធនមានដូចជាៈ បុគ្គលដែលស្ថិតនៅក្នុង វិស័យសាធារណៈ បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ ដោយរួមបញ្ចូលទាំងបុគ្គលិក ធ្វើការតាមផ្លូវអាកាស និងនាវាសមុទ្រ ព្រមទាំងអ្នកបម្រើក្នុងផ្ទះ និងបុគ្គលស្វ័យនិយោជន៍ផងដែរ។

លោកអគ្គនាយកនៅតែបន្ដ ក្រើនរំលឹកដល់ លោក លោកស្រី ដែលជាមន្រ្តី បុគ្គលិក នៃ ប.ស.ស. ទាំងអស់ ធ្វើយ៉ាងណារួមគ្នាទប់ស្កាត់​ នៃការរីករាលដាល នៃការឆ្លងវីរុសកូវីដ-១៩ នេះ ឆ្លើយតបទៅនឹងការអំពាវនាវ ពីសំណាក់ប្រមុខដឹកនាំ នៃរាជរដ្ឋាភិបាលកម្ពុជា តាមរយៈវិធានការ របស់ក្រសួងសុខាភិបាល។

សូមបញ្ជាក់ថាៈ វគ្គបណ្តុះបណ្តាលស្តីពី “របបសន្តិសុខសង្គម ផ្នែកប្រាក់សោធន” នេះ មានរយៈពេញមួយថ្ងៃ ប្រព្រឹត្តទៅនៅថ្ងៃសុក្រ ៥កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយមានការចូលរួម ពីមន្រ្ដី បុគ្គលិក ប្រមាណជាង ១៦០នាក់ នៅសាលប្រជុំធំ នៃ ប.ស.ស. ស្នាក់ការ រាជធានីភ្នំពេញ៕

To Top