បរទេស៖នាយករដ្ឋមន្ត្រីតៃវ៉ាន់ នៅថ្ងៃសុក្រនេះ បាននិយាយថា ប្រធានទីភ្នាក់ងារការពារបរិស្ថានសហរដ្ឋអាមេរិក លំដាប់គណៈរដ្ឋមន្ត្រី លោក Andrew Wheeler នឹងធ្វើទស្សនកិច្ចកោះតៃវ៉ាន់ ហើយនេះនឹងជាដំណើរទស្សនកិច្ចលើកទី៣ធ្វើឡើងដោយមន្ត្រីជាន់ខ្ពស់អាមេរិក ចាប់តាំងពីខែសីហាមក បង្កឲ្យមានការខឹងសម្បារពីទីក្រុងប៉េកាំង។
នាយករដ្ឋមន្ត្រីតៃវ៉ាន់ លោក Su Tseng-chang បានមានប្រសាសន៍ថា “តាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេស លោក Joseph Wu ប្រធានរបស់ទីភ្នាក់ងារការពារបរិស្ថានសហរដ្ឋអាមេរិក នឹងធ្វើដំណើរមកតៃវ៉ាន់ ដើម្បីធ្វើកិច្ចពិភាក្សាគ្នាទ្វេភាគី ស្តីពីសហប្រតិបត្តិការអន្តរជាតិ ស្តីពីបញ្ហាការពារបរិស្ថាន”។
គួរបញ្ជាក់ថា នៅពេលថ្មីៗនេះ រដ្ឋបាលលោក ត្រាំ បានបង្កើនការគាំទ្រដល់កោះតៃវ៉ាន់ ដោយរួមមានទាំងការលក់អាវុធថ្មីឲ្យ បង្កឲ្យប្រទេសចិនខឹង។ ចំណែកលោកនាយករដ្ឋមន្ត្រីតៃវ៉ាន់ បាននិយាយប្រាប់អ្នកសារព័ត៌មានថា ទំនាក់ទំនងរវាងតៃវ៉ាន់និងអាមេរិក កំពុងតែមានការកើនឡើង៕ប្រែសម្រួល៖ប៉ាង កុង