ភ្នំពេញ៖យោងតាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ថាគិតត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា កន្លងទៅនេះ ពូជស្រូវស្រាលមិនប្រកាន់ រដូវប្រមាណ ៦ពាន់តោន និងដំណាំរួមផ្សំជិត ៥៦ម៉ឺនកញ្ចប់ ត្រូវបានចែកជូនប្រជាកសិករ ក្រោយពេលជំនន់ទឹកភ្លៀងបានស្រកទៅវិញ។
ក្នុងឱកាសចុះពិនិត្យ វឌ្ឍនភាព នៃការងារបង្កបង្កេីនផលការ ស្តារស្រូវឡេីងវិញ និងជួបសំណេះសំណាល ជាមួយ បងប្អូន កសិករ ក្នុងខេត្តពោធិ៍សាត់ និងខេត្តកំពង់ធំ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានថ្លែងថា ឈរលើស្មារតី និងឆន្ទៈដ៏មុតមាំនេះហើយ ទើបរាល់ពេលពលរដ្ឋមានទុក្ខ តែងមានវត្តមានរបស់សម្តេច ហើយវិធានការជាដំណោះស្រាយត្រូវបានដាក់ចេញបន្ទាន់បន្តបន្ទាប់ ដើម្បីជួយប្រជាពលរដ្ឋ។
ក្នុងឱកាសចុះពិនិត្យការបង្កបង្កើនផលឡើងវិញរបស់ប្រជាពលរដ្ឋនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានក្រើនរំលឹកបន្ថែមដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ទាំងថ្នាក់ជាតិ ក្រោមជាតិ និងមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ឱ្យមែនទែន លើការបង្កបង្កើនផលឡើងវិញរបស់ប្រជាពលរដ្ឋ។ លោកបានសង្កត់ធ្ងន់ថាត្រូវតែចុះពិនិត្យមើលឱ្យដល់វាលស្រែហើយដាក់ចេញវិធានការដោះស្រាយលើបញ្ហាប្រឈមទាំងឡាយ។
របាយការណ៍បានបង្ហាញថា ការងារធ្វើស្រែឡើងវិញ នៅក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ សម្រេចបានលទ្ធផលប្រមាណជាង៥០%ភាគរយ, ខេត្តកំពង់ធំសម្រេចបានប្រមាណ ៨៥ភាគរយ និងខេត្តពោធិ៍សាត់ សម្រេចបានជាង ៣៤ភាគរយ។ ខេត្តបាត់ដំបង ធ្វើស្រែបាន ៥,៨៣១ហិកតា លើផ្ទៃដីដែលអាចស្តារឡើងវិញបានចំនួន ១០,៥០០ហិចតា, ខេត្តបន្ទាយមានជ័យ បាន ៥,១១៣ ហិកតាលើផ្ទៃដីអាចស្តារឡើងវិញ ចំនួន ១១,១៦៩ហិកតា, ខេត្តកំពង់ធំ ផ្ទៃដីដាំដុះឡើងវិញ បាន ៦,៣៩២ ហិកតា នៅសល់ ១,១៦៦ហិកតា និងខេត្តពោធិ៍សាត់ ដាំដុះឡើងវិញ បាន ១,១៧៦ហិកតា លើផ្ទៃដីដាំដុះឡើងវិញ ១៧,៨០៤ហិកតា៕