ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា សំណ ល់សំរាមនិងសំណល់ប្លាស្ទិក ត្រូវបានប្រជាពលរដ្ឋមួយចំនួន ដុត និងបោះចូលទៅក្នុងទឹក និងសមុ ទ្រ ធ្វើឲ្យបង្កគ្រោះថ្នាក់សម្រាប់ជីវចម្រុះ ដែលពិភពលោកបាននិងកំពុងយកចិត្តទុកដាក់។នេះបេីយោងតាម គេហទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថាន។
សូមជម្រាបថា ក្នុង១ឆ្នាំៗ កម្ពុជាបង្កើតសម្រាបប្រមាណ ៤លានតោន ក្នុងនោះ៦៥% ជាសំណល់សិររី រាង្គ ប្រមាណ២០% ជាសំណល់ប្លាស្ទិក នៅសេសសល់ជាសំណល់រឹង និងសំណល់ផ្សេងៗទៀត។ ក្នុងចំណោមសម្រាបទាំងអស់នោះ មានត្រឹមតែប្រមាណ ៥១% ប៉ុណ្ណោះ ដែលត្រូវបានយកទៅចាក់ នៅទីលានចាក់សម្រាម ក្រៅនោះត្រូវគេបោះចោលយ៉ាងអនាធិបតេយ្យតាមដងផ្លូវ ក្នុងប្រភពទឹក និង ខ្លះទៀតត្រូវបានដុតចោល ជាដើម។
ក្នុងទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា ក្រោមប្រធានបទ«អនាម័យបរិស្ថានល្អ សុខភាពសហគមន៍ ល្អ» កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ លោក នេត្រ ភក្ត្រា បានថ្លែងថា បញ្ហាប្រឈមមួយចំនួន ក្នុងនោះរួមមាន បញ្ហាសម្រាម សំណល់រឹង រាវ នៅតាមទីប្រជុំជន និងទីក្រុង ដែលមានការកើនឡើង យ៉ាងខ្លាំង គួបផ្សំនឹងប្រព័ន្ធគ្រប់គ្រងសម្រាមនាពេលបច្ចុប្បន្ននៅមានកម្រិតនៅឡើយ។
លោកបញ្ជាក់យ៉ាងដូច្នេះថា «សំណល់សម្រាមមួយចំនួនាពិសេសសំណល់ប្លាស្ទិក ត្រូវបានពលរដ្ឋខ្លះ ដុត និងខ្លះបានបោះចូលទៅក្នុងទឹក និងសមុទ្រ បង្កគ្រោះថ្នាក់សម្រាប់ជីវចម្រុះដែលពិភពលោក បាននឹងកំពុងយកចិត្តទុកដាក់»។
ជាងនេះទៅទៀត អ្នកនាំពាក្យក្រសួងបរិស្ថាន ក៏បានលើកឡើងថា ស្ថានភាពនេះ បានតម្រូវឲ្យរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយ និងវិធានការនានាជាបន្តបន្ទាប់ ជាពិសេសដើម្បីធ្វើទំនើបកម្មប្រព័ន្ធប្រមូល និងគ្រប់គ្រងសម្រាមសំណល់រឹង ដោយមានការគិតគូរគ្រប់ជ្រុងជ្រោយដោយចាប់ផ្តើមពីរាជធានីភ្នំពេញ ហើយនឹងត្រូវបន្តទៅទីក្រុង និងទីប្រជុំជនធំៗមួយចំនួនទៀត នៅទូទាំងប្រទេស។
អ្នកនាំពាក្យ បន្ថែមថា ទន្ទឹមនឹងនេះ ការចូលរួមរបស់ប្រជាពលរដ្ឋគ្រប់រូបក្នុងការលើកកម្ពស់អនាម័យ និងគុណភាពបរិស្ថាន គឺជាប្រការចាំបាច់ និងជាវិភាគទានដ៏សំខាន់បំផុត ដើម្បីចូលរួមជាមួយ រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនេះ សំដៅការរស់នៅប្រកបដោយសុខមាលភាព និងចីរភាពរបស់ប្រជាជនកម្ពុជា៕