ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី និង លោក អ៊ុន ចាន់ដា អញ្ជើញបិទវគ្គបណ្តុះបណ្តាលបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៤ លើកទី២

កំពង់ចាម ៖ នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និង លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលានគរបាលជាតិភូមិភាគ២ ខេត្តកំពង់ចាម បានអញ្ជើញជាអធិបតី ពិធីបិទ វគ្គបណ្ដុះបណ្ដាល កម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៤ លើកទី២ ដោយមានការអញ្ជើញចូលរួម ពីនាយឧត្តមសេនីយ៍ គណៈគ្រប់គ្រងសាលា គ្រូនគរបាលជាតិ មន្ត្រី និងសិស្សនគរបាលជ័យលាភី ២០៣នាក់។

ស្ថិតក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា អភិបាលខេត្ត បានមានប្រសាសន៍ថា ក្នុងយុគសម័យទំនើបនេះ នគរបាល មិនអាចបំពេញភារកិច្ច ទទួលខុសត្រូវរបស់ខ្លួន ដោយគ្មានការឆ្លងកាត់ការអប់រំបណ្ដុះបណ្ដាលនោះទេ។ ការអប់រំបណ្តុះបណ្ដាល ពិតជាដើរតួនាទីសំខាន់ណាស់ ក្នុងការអភិវឌ្ឍសមត្ថភាព និងកសាងធនធានមនុស្ស សម្រាប់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។

លោកអភិបាលខេត្តបន្តថា ក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ក្នុងដែនសមត្ថកិច្ចខេត្ត មានភារកិច្ចសំខាន់ៗក្នុងការដឹកនាំបញ្ជាលើការងារថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សង្គម លើកកម្ពស់ការយល់ដឹងអំពីច្បាប់ និងធានាឱ្យមានការអនុវត្ដច្បាប់ ប្រកបដោយប្រសិទ្ធភាព ព្រមទាំងធានាឱ្យមានការការពារ និងគោរពសិទ្ធិមនុស្សចំពោះប្រជាពលរដ្ឋទាំងអស់ក្នុងខេត្ត។ លើសពីនេះ មានភារកិច្ចសំខាន់មួយទៀតក្នុងការដឹកនាំការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដែលមានលក្ខណសម្បត្តិ ៩ យ៉ាង។

លោកអភិបាលខេត្ត បានកោតសសើរដល់បណ្ឌិត្យសភានគរបាលកម្ពុជា ក្នុងការបំពេញភារកិច្ចអប់រំបណ្តុះបណ្តាលមន្រ្តីនគរបាលជាតិ ឲ្យក្លាយជាធនធានមនុស្ស ប្រកបដោយគុណភាព និងមានសមត្ថភាព ប្រកបដោយវិជ្ជាជីវៈពេញលេញ ដើម្បីបំពេញភារកិច្ចជូនអង្គភាព ប្រកបដោយប្រសិទ្ធភាព ស្របតាមផែនការអភិវឌ្ឍន៍ធនធានមនុស្សរបស់ក្រសួងមហាផ្ទៃ និងគោលនយោបាយ កែទម្រង់កងកម្លាំងប្រដាប់អាវុធរបស់រាជរដ្ឋាភិបាល។

នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានលើកឡើងអំពី វឌ្ឍនភាព កិត្យានុភាព និងឧត្តមភាពរបស់បណ្ឌិត្យសភា ទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃបំផុតរបស់សម្តេជអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំបញ្ជាផ្ទាល់របស់សម្តេច ក្រឡាហោម ស ខេន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។

បច្ចុប្បន្ននេះ បណ្ឌិត្យសភានគរ បាលកម្ពុជាទទួលបានជោគជ័យក្នុងការបំពេញភារកិច្ចរបស់ខ្លួនជាបន្តបន្ទាប់ដោយការខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ថ្នាក់ដឹកនាំ គ្រូនគរបាលជាតិ និងមន្ត្រីទាំងអស់ ផ្អែកលើកផែនការយុទ្ធសាស្ត្រ បទប្បញ្ញត្តិនានា កម្មវិធិកំណែទម្រង់ការប្រកាន់ខ្ជាប់នូវ គុណតម្លៃទាំង ៦របស់ខ្លួន គឺ វិន័យ គុណភាព ក្រមសីលធម៌វិជ្ជាជីវៈ ការទទួលខុសត្រូវ ការប្តេជ្ញាចិត្ត និងនវានុវត្តន៍ ក្រោមទិសស្លោក (យើងរួមគ្នាកសាងវប្បធម៌គុណភាព)។

លោកប្រធានបណ្ឌិតសភានគរបាលកម្ពុជា ក៏បានថ្លែងកោតសរសើរ និងផ្តាំផ្ញើដល់គណៈគ្រប់គ្រងសាលានគរបាលជាតិភូមិភាគ២ ឲ្យខិតខំបន្តបំពេញភារកិច្ចដើម្បីទទួលបានជោគជ័យបន្ថែមទៀតតាមផែនការកំណត់ ព្រមទាំងផ្តាំផ្ញើដល់សិស្សជ័យលាភីទាំងអស់ឲ្យយកចំណេះដឹង និងជំនាញ ទៅប្រើប្រាស់ឲ្យមានប្រយោជន៍ដល់សង្គម ប្រកបដោយក្រមសីលធម៌វិជ្ជាជិវៈ អាកប្បកិរិយាល្អ ស្មារតីទទួលខុសត្រូវ និងគោរពប្រតិបត្តិច្បាប់ ដើម្បីក្លាយខ្លួនជាមន្ត្រីនគរបាលល្អ៕

To Top