ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានណែនាំ ដល់ភ្ញៀវជាតិ និងអន្តរជាតិ ដែលមានបំណងចូលគាល់ ព្រះមហាក្សត្រ និងសម្តេចម៉ែ ក៏ដូចជាចូលជួបសវនាការជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចសាយ ឈុំ ប្រធានព្រឹទ្ធសភា ដើម្បីជៀសវាងហានីភ័យនៃការចម្លងជំងឺកូវីដ-១៩ ជាអតិបរមាដល់ ថ្នាក់ដឹកនាំកំពូល ក្នុងពិធីជំនួបផ្លូវការ នានា ។
ក្នុងសេចក្ដីណែនាំរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា វិធីសាស្ដ្របង្ការ ជាលក្ខណៈពិសេស តាមបែបវិទ្យាសាស្ដ្រវេជ្ជសាស្ដ្រ មានប្រសិទ្ធភាព ក្នុងការកាត់បន្ថយ ជាអតិបរមាននូវឱកាសចម្លងវិរុសកូវីដ-១៩ ពីមនុស្សម្នាក់ទៅម្នាក់ទៀត នៅទីកន្លែងណាមួយ តាមរយៈការស្រាវជ្រាវ ជាមុន អំពី ភូមិសាស្ដ្រ នៃការរីករាលដាល នៃជំងឺកូវីដ-១៩ មធ្យោបាយធ្វើដំណើរ ការប្រកាសពីស្ថានភាព សុខភាពរបស់បុគ្គល ការពិនិត្យសុខភាពជាប់ជាប្រចាំ ការធ្វើតេស្ដស្រាវជ្រាវរក វិរុសកូវីដ-១៩ ឲ្យបានឆាប់រហ័ស ការធ្វើចត្តាឡីស័ក ការអនុវត្តវិធានការអនាម័យ គម្លាតសុវត្ថិភាព រួមជាមួយ ការកំណត់ ឬជ្រើសទីតាំងដែលមាន សុវត្ថិភាព និងសមស្របបំផុត ៕