ព័ត៌មានជាតិ

Breaking News ៖ នាយករដ្ឋមន្រ្តីកម្ពុជា ផ្តល់ម៉ាស់២លាន និងសម្ភារវេជ្ជសាស្ត្រ មួយចំនួន ដល់រដ្ឋាភិបាល មីយ៉ាន់ម៉ា

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី២៤វិច្ឆិកានេះ បានសម្រេចផ្ដល់អំណោយ ជាម៉ាស់ ចំនួន២លានម៉ាស់ និងសម្ភារវេជ្ជសាស្ត្រមួយចំនួនទៀត ដល់រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ។

យោងតាមលិខិតរបស់ សម្ដេចតេជោ ហ៊ុន សែន ផ្ញើជូនលោកស្រី អោង សានស៊ូជី នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ឲ្យដឹងថា « ក្នុងស្មារតីមិត្តភាព និងសាមគ្គីភាពដ៏យូរអង្វែង ក៏ដូចជា ការរួមដៃគ្នាជាមួយលោកជំទាវ ក្នុងកិច្ចខិតខំប្រឹងប្រែងបង្ការការរីក រាលដាលជំងឺកូវីដ-១៩ តាងនាមរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមធ្វើការបរិច្ចាគនូវម៉ាស់ ចំនួន ២.០០០.០០០ និងសម្ភារៈវេជ្ជសាស្ត្រ មួយចំនួនទៀតជូនដល់រដ្ឋាភិបាល និងប្រជាជន មីយ៉ាន់ម៉ា»។

ជាងនេះទៅទៀត សម្ដេចតេជោ ក៏បានចាត់តាំងលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាំយកអំណោយ ទាំងនេះ ទៅកាន់រដ្ឋធានីណៃពិដោរ នៃប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ តាមយន្តហោះពិសេស។

សម្ដេចតេជោបញ្ជាក់ថា «ជាមួយនឹងកិច្ចខិតខំ ប្រឹងប្រែងរួមនេះ ខ្ញុំមានជំនឿយ៉ាងមុតមាំថា យើង នឹងទទួលបាននូវជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ហើយយើងនឹងងើបឡើងវិញយ៉ាងរឹងមាំជាមួយគ្នា»។

សូមរំលឹកថា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បានចាត់តាំង សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ និងមានការអម ដំណើរដោយលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ព្រមទាំងមានមន្ត្រីពាក់ព័ន្ធ មួយចំនួនទៀត បាននាំនូវអំណោយជាម៉ាសចំនួន២លាន១សែន និងបរិក្ខារ ពេទ្យសរុបចំនួន១២មុខ ប្រគល់ឲ្យលោក ថនលូន ស៊ីសូលីត នាយករដ្ឋមន្ត្រីឡាវ ដើម្បីចូលរួមជួយក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩៕

ដោយ ៖ អេង ប៊ូឆេង

To Top