ព័ត៌មានជាតិ

ក្រសួងយុត្តិធម៌ កំពុងអភិវឌ្ឍន៍ កម្មវិធីតាមប្រព័ន្ធព័ត៌មានវិទ្យា ចំនួន២ សម្រាប់សាធារណជន ប្រើប្រាស់នាពេលខាងមុខ


ភ្នំពេញ៖លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ទទួលបន្ទុកការងាររៀបចំគ្រប់គ្រង និងការអភិវឌ្ឍគេហទំព័រ និងប្រព័ន្ធទំនាក់ទំនងសង្គមរបស់ក្រសួងយុត្តិធម៌នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសអភិវឌ្ឍបណ្តាញផ្សព្វផ្សាយរបស់ក្រសួងយុត្តិធម៌ ដើម្បីពិនិត្យរៀបចំអភិវឌ្ឍន៍កម្មវិធីចំនួន២សម្រាប់សាធារណៈជនប្រើប្រាស់នាពេលខាងមុខ។

យោងតាមបណ្ដាញសង្គមតេឡេក្រាមរបស់ក្រសួងយុត្តិធម៌បានឲ្យដឹងថា កម្មវិធីចំនួន២នោះ រួមមាន៖
១.ប្រព័ន្ធគ្រប់គ្រងឯកសារច្បាប់កម្ពុជា៖ ដែលជាកម្មវិធីមួយអនុញ្ញាតឱ្យសាធារណៈជនអាចប្រើប្រាស់ក្នុងការទាញយកឯកសារច្បាប់នានាដែលក្រសួងយុត្តិធម៌បានផ្សព្វផ្សាយលើគេហទំព័រផ្លូវការរបស់ខ្លួន ដើម្បីរក្សាទុក និងគ្រប់គ្រងរាល់ឯកសារច្បាប់។

២.កម្មវិធី Mobile Application of MOJ៖ ជាកម្មវិធីនៅលើទូរស័ព្ទដៃ ដែលអនុញ្ញាតឱ្យសាធារណៈជនតាមដានព័ត៌មាន ក៏ដូចជាស្វែងរកនូវឯកសារច្បាប់នានាដែលបានផ្សព្វផ្សាយដោយក្រសួងយុត្តិធម៌៕

To Top