ភ្នំពេញ៖ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ប្រធានគណបក្សខ្មែររួបរួមជាតិ លោក ញឹក ប៊ុនឆៃ បានសន្យានិងប្ដេជ្ញាថែរក្សាសន្តិភាព នៅក្នុងប្រទេសកម្ពុជាឲ្យបានគង់វង្ស។
ការបង្ហាញជំហររបស់ លោកប្រធានបក្សរូបនេះ បានធ្វើឡើងក្នុងពិធីប្រកាសចងសម្ព័ន្ធភាព អ្នកប្រជាធិបតេយ្យខ្មែររវាង គណបក្សខ្មែររួបរួមជាតិ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ និងគណបក្សខ្មែរតែមួយ ខណៈសម្ព័ន្ធភាពអ្នក ប្រជាធិបតេយ្យខ្មែរនេះមានលោក ម៉ម សូណង់ដូរ ជាប្រធាន លោក ញឹក ប៊ុនឆៃ អនុប្រធាន និង លោក គុជ លី ជាអគ្គលេខាធិការ។
ក្នុងសន្នីសិទសារព័ត៌មាន នាព្រឹកថ្ងៃទី២៥ វិច្ឆិកា ឆ្នាំ២០២០ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី លោក ញឹក ប៊ុនឆៃ បានបញ្ជាក់ថា “យើងសន្យាថែរក្សាសន្តិភាព យើងមិនចង់ឲ្យប្រទេសធ្លាក់ ក្នុងវិបត្តិទៀតទេ ព្រោះយើងឆ្លងកាត់សង្គ្រាមរួចហើយ”។
ចំណែកលោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ បានលើកឡើងថា លោកចាត់ទុកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាវីរៈបុរសក្នុងការកសាងសន្តិភាព។ ប៉ុន្តែលោកចង់ឲ្យសម្តេចលុបបំបាត់ អំពើពុករលួយនៅក្នុងសង្គមខ្មែរ ដែលកំពុងផុសផុល ។ លោកថា “សន្តិភាពល្អហើយ គ្មានអ្នកណាល្អជាងសម្តេចតេជោ តែសម្តេចត្រូវលុបបំបាត់ឲ្យអស់ អំពើពុករលួយដើម្បីកសាងជាតិ” ។
លោកក៏បានលើកឡើងថា ការបង្កើតសម្ព័ន្ធភាពអ្នកប្រជាធិតេយ្យខ្មែរនេះ ក៏ដើម្បីថែរក្សាសន្តិភាពនៅកម្ពុជា។ ជាងនេះត្រូវលុបបំបាត់ការលាបពណ៌គ្នាផងដែរ។
លោកបន្ថែមថា ការសម្ព័ន្ធនេះក៏ត្រូវតែខិតខំ ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋទុកចិត្ត ។ ចូលរួមកែសង្គមមួយឲ្យល្អកុំមាន ភាពអយុត្តិធម៌ព្រោះនៅពេលបច្ចុប្បន្ននេះ សម្តេចតេជោ បានគិតតែបញ្ហាកម្មករ ប៉ុន្តែចំពោះ បញ្ហាពលរដ្ឋរឿងដីធ្លី មិនមានការដោះស្រាយទេ ជាក់ស្តែងបញ្ហានៅក្នុងឃុំសង្កាត់ មានបញ្ហាពុករលួយជាប្រព័ន្ធផងដែរ។
លោកលើកឡើងថា សម្រាប់សម្ព័ន្ធអ្នកប្រជាធិបតេយ្យខ្មែរ ធ្វើយ៉ាងណាលុបបំបាត់ អំពើពុករលួយជាការចាំបាច់ ៕ ស.សំណាង