ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានស្នើឲ្យ មេធាវីរបស់រាជរដ្ឋាភិបាល និងមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ជួយបង្កើនការយល់ដឹង ផ្នែកច្បាប់ដល់ប្រជាពលរដ្ឋ ដើម្បីឲ្យប្រជាពលរដ្ឋយល់ដឹងកាន់តែច្បាស់ អំពីផ្លូវច្បាប់ នៅកម្ពុជា។
ក្នុងពិធីជួបសំណេះសំណាល និងពិនិត្យលទ្ធផលការងាររបស់ សមាជិកក្រុមមេធាវីរាជរដ្ឋាភិបាល និងមេធាវីស្ម័គ្រចិត្ត សម្តេចតេជោ សរុបចំនួន១៥៣នាក់ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវិមានសន្ដិភាព សម្ដេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរចំពោះ មេធាវីរបស់រាជរដ្ឋាភិបាល ដែលខិតខំបំពេញការងារ និងឯកភាពទទួលសំណើរបង្កើតឲ្យ មានលិខិតបទដ្ឋានចាត់តាំងឲ្យបានត្រឹមត្រូវ ចំពោះមេធាវីរាជរដ្ឋាភិបាល។
សម្ដេចតេជោ បន្ដថា មេធាវីស្ម័គ្រចិត្ត សម្តេចតេជោសែន មិនត្រឹមតែជួយការពារក្តីនោះទេ តែក៏បានប្រើថវិកាផ្ទាល់ខ្លួន សម្រាប់បេសកកម្មរបស់ខ្លួនថែមទៀតផង។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «សូមស្នើឲ្យក្រុមមេធាវីជួយបង្កើនការ យល់ដឹងផ្នែកច្បាប់ដល់ប្រជាពលរដ្ឋ ការបង្កើតក្រុមមេធាវីនេះ អាចចាត់ទុកជាការធ្វើកំណែទម្រង់ ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ផងដែរ»។
សូមរំលឹកថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២០ មេធាវីស្ម័គ្រចិត្ត សម្តេចតេជោសែន បានផ្តល់ការពិគ្រោះ និងជូនយោបល់ ដល់ប្រជាពលរដ្ឋទូទៅ គ្រប់ករណីក្នុងក្របខណ្ឌទូទាំងប្រទេសប្រមាណ ២,៥៥០ករណី ក្នុងនោះ សំណុំរឿងដែលបានទទួលយកមក ការពារជូនស្ត្រីទន់ខ្សោយងាយរងគ្រោះ មានជីវភាពខ្វះខាត និងខ្វះការការពារសិទ្ធិតាមផ្លូវច្បាប់ចំនួន ៧៤ករណី៕
ដោយ៖ អេង ប៊ូឆេង