ព័ត៌មានជាតិ

បញ្ហា របស់អាជីវករផ្សារព្រែកដំបូក នៅជំហាន២ ក្រុមការងារចម្រុះថ្នាក់ខេត្ត កំពុងពន្លឿនដោះស្រាយបញ្ចប់

កំពង់ចាម ៖ ក្នុងកិច្ចប្រជុំត្រួតពិនិត្យ លទ្ធផលការងារ របស់ក្រុមការងារចម្រុះថ្នាក់ខេត្ត ចុះដោះស្រាយបញ្ហា របស់អាជីវករផ្សារព្រែកដំបូកជំហាន២ ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានជំរុញឲ្យក្រុមការងារ ពន្លឿនឲ្យបានឆាប់ចប់។

បន្ទាប់ពីបានស្តាប់ របាយការណ៍លទ្ធផល នៃការដោះស្រាយបញ្ហា របស់អាជីវករផ្សារព្រែកដំបូក ក្នុងជំហានទី២ ដែលរាយការណ៍ដោយ លោក ហេង វណ្ណនី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារចម្រុះថ្នាក់ខេត្ត ចុះដោះស្រាយទំនាស់ របស់អាជីវករផ្សារព្រែកដំបូក។
លោក អ៊ុន ចាន់ដា អភិបាលខេត្ត បានសម្តែងនូវការកោតសរសើរ នៃការខិតខំប្រឹងប្រែង របស់គណៈកម្មការចម្រុះថ្នាក់ខេត្ត ដែលបានដោះស្រាយបញ្ហា របស់អាជីវករនៅផ្សារព្រែកដំបូក ក្នុងជំហានទី១ និងជំហាន២ ទទួលបានលទ្ធផលល្អ ។

ទន្ទឹមនិងនោះដែរ លោកអភិបាលខេត្ត ក៏បានជំរុញឲ្យក្រុមការងារចម្រុះថ្នាក់ខេត្ត ខិតខំសម្របសម្រួល និងដោះស្រាយបញ្ហា ដែលនៅសេសសល់ឱ្យបានឆាប់រហ័ស ដើម្បីឲ្យអាជីវករក្នុងផ្សារ ប្រកបរបរទទួលទានដូចធម្មតាវិញ។

សូមបញ្ជាក់ថា អាជីវករក្នុងផ្សារព្រែកដំបូក សរុបចំនួន១១៥នាក់ អ្នកតវ៉ាសុំរុះរើមានចំនួន៤៧នាក់ ។ លទ្ធផលនៃការសម្របសម្រួល ដោះស្រាយជំហ៊ាន១ និងជំហ៊ាន២ បានចំនួន១៧នាក់ លុះមកដល់ពេលនេះអ្នកតវ៉ា នៅសល់តែ៣០នាក់ ស្មើនឹង២៦% នៃអាជីវករទាំង១១៥នាក់ ៕

To Top