កំពង់ចាម៖ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមទិវាជាតិអាហារូបត្ថម្ភលើកទី៧ ក្រោមប្រធានបទ «ការពង្រឹងប្រព័ន្ធស្បៀង ដើម្បីរបបអាហារសុខភាព» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកឧប យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ដោយមានការចូលរួមពីតំណាងស្ថាប័នពាក់ព័ន្ឋ តំណាងស្ថានទូតសហព័ន្ឋអាឡឺម៉ង់ ប្រចាំប្រទេសកម្ពុជា និងជាតំណាងដៃគូអភិវឌ្ឍន៍ បណ្តាញអង្គការសង្គមស៊ីវិល ដើម្បីអាហារូបត្ថម្ភនៅកម្ពុជា ងភ្ញៀវជាតិ អន្តរជាតិ សរុបចំនួន ៥៧០នាក់ ។
ស្ថិតក្នុងឱកាសនោះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី៦ វិច្ឆិកា ជាទិវាជាតិអាហារូបត្ថម្ភ ក្នុងគោលបំណងលើកកម្ពស់ ការយល់ដឹងជាសាធារណៈ ឲ្យបានកាន់តែទូលំទូលាយនៅទូទាំងប្រទេស អំពីសារៈសំខាន់នៃវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍មូលធនមនុស្ស បង្កើនផលិតភាពការងារ ជំរុញកំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម។
លោកអភិបាលខេត្ត បានបញ្ចាក់ថា រដ្ធបាលខេត្តកំពង់ចាម បានត្រៀមខ្លួនជាស្រេច ដើម្បីសហការជាមួយ ក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ដៃគូអភិវឌ្ឍន៏ និងសង្គមស៊ីវិល ដើម្បីអនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដើម្បីពង្រឹងការអនុវត្តយុទ្ធសាស្ត្រជាតិ ស្ដីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ លើកទី២ ឆ្នាំ២០១៩-២០២៣ ឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ពិសេសអនុសាសន៍ទី៥ ដែលលើកឡើងថា៖ រដ្ឋបាលរាជធានី-ខេត្ត ត្រូវរៀបចំបង្កើតក្រុមការងារដឹកនាំ សម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភរាជធានី-ខេត្ត និងរៀបចំទិវាអាហារូបត្ថម្ភថ្នាក់ក្រោមជាតិ ដោយមានការចូលរួមពីដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និងវិស័យឯកជន ក៏ដូចជាអនុសាសន៍ទី៦ ដែលបានបញ្ចាក់ថា រដ្ឋបាលរាជធានី-ខេត្ត ត្រូវរៀបចំបញ្ជ្រាបការងារសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ ទៅក្នុងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលឃុំ សង្កាត់ ដើម្បីលើកកម្ពស់វិស័យសន្តិសុខ ស្បៀងនិងអាហារូបត្ថម្ភនៅថ្នាក់ក្រោមជាតិ។
ជាមួយគ្នានោះដែរ លោក យឹម ឆៃលី ឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជារដ្ឋសមាជិកនៃ អង្គការសហប្រជាជាតិ បានប្តេជ្ញាចិត្តបញ្ចប់ភាពអត់ឃ្លាន និងបញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់ក្នុងប្រទេសនៅឆ្នាំ២០៣០ ដែលស្របតាមក្នុងគោលដៅទី២ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាព ឆ្នាំ២០៣០ បានបញ្ចាក់ច្បាស់ថា បញ្ចប់ភាពអត់ឃ្លាននៅក្នុងពិភពលោក និងបញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់ និងធានាថា ប្រជាជនគ្រប់រូបពិសេស កុមារមានអាហារូបត្ថម្ភល្អ និងមានលទ្ធភាពទទួលបាន ស្បៀងគ្រប់គ្រាន់រាល់ឆ្នាំ ៕