ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ បានថ្លែងថា គោលនយោបាយក្នុងកិច្ចការពារ អ្នកប្រើប្រាស់របស់កម្ពុជា គឺមានលក្ខណៈក្មេងខ្ចីនៅឡើយ បើធៀបទៅនឹងប្រទេសក្នុងតំបន់ ហើយនេះ ក៏ជាប្រធានបទថ្មីសន្លាងសម្រាប់ប្រជាជនកម្ពុជា។ នេះបើយោងគេហទំព័រហ្វេសប៊ុកក្រសួងពាណិជ្ជកម្ម។
ក្នុងកិច្ចប្រជុំជាលើកដំបូងរបស់ ខ្លួនដើម្បីកំណត់ផែន ការសកម្មភាព ក្នុងកិច្ចការពារសិទ្ធិ និងផលប្រយោជន៍ របស់អ្នកប្រើប្រាស់នៅកម្ពុជា នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ប៉ាន សូរស័ក្តិ បានបញ្ជាក់ថា “ប្រព័ន្ធ និងគោលនយោបាយក្នុងកិច្ចការពារអ្នកប្រើប្រាស់របស់ប្រទេសកម្ពុជា គឺមានលក្ខណៈក្មេងខ្ចីនៅឡើយ បើធៀបទៅនឹងប្រទេសក្នុងតំបន់ ហើយកិច្ចការពារអ្នកប្រើប្រាស់នេះ ក៏ជាប្រធានបទថ្មីសន្លាងសម្រាប់ប្រជាជនកម្ពជាដែរ”។
លោកបន្ដថា ក្រោយការធ្វើកំណែទម្រង់តួនាទី និងភារកិច្ចរួចមក អគ្គនាយដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម បានដាក់ចេញនូវគោលការណ៍ក្នុងកិច្ចការពារអ្នកប្រើប្រាស់ ជាសកម្មភាពអាទិភាពចម្បងរបស់អគ្គនាយដ្ឋាន និងរាជរដ្ឋាភិបាល។
ឆ្លៀតក្នុងឱកាសនោះ រដ្ឋមន្ត្រីពាណិជ្ជកម្ម ក៏បានលើកឡើងអំពីសារៈសំខាន់នៃវត្តមានរបស់សមាគមអ្នកប្រើប្រាស់ដែលជាតំណាងឱ្យអ្នកប្រើប្រាស់ និងផ្តល់ការប្រឹក្សាឯករាជ្យជូនដល់អ្នកប្រើប្រាស់ រួមទាំងសម្របសម្រួលបញ្ហាទាក់ទងនឹងអ្នកប្រើប្រាស់ផងដែរ៕