ភ្នំពេញ ៖ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រោយពីកិច្ចប្រជុំពហុភាគី មេបញ្ជាការកងទ័ពជើងគោក អាស៊ាន លើកទី២១ (21st ACAMM) តាមរយៈប្រព័ន្ធ Virtual Conference ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្តជួបប្រជុំ តាមរយៈប្រព័ន្ធ Virtual Conference ជាមួយឧត្តមសេនីយ៍ទោ GOH SI HOU មេបញ្ជាការកងទ័ពជើងគោក សិង្ហបុរី តបតាមសំណើ របស់ឧត្តមសេនីយ៍ទោ GOH SI HOU ដើម្បីរក្សាការភ្ជាប់ទំនាក់ទំនងល្អ និងបន្តជំរុញកិច្ចសហប្រត្តិការ រវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំបន្ថែមទៀត ។
គួររំលឹកផងដែរថា ឧត្តមសេនីយ៍ទោ GOH SI HOU ទើបបានដឹកនាំគណៈប្រតិភូកងទ័ពជើងគោកសិង្ហបុរី មកបំពេញទស្សនកិច្ចផ្លូវការលើកទី១ នៅកម្ពុជា កាលពីខែមករា ឆ្នាំ២០២០ កន្លងទៅ ។
ក្នុងជំនួបលើកនេះ ភាគីទាំងពីរ បានពិភាក្សាអំពីស្ថានភាព នៃជំងឺកូវីដ-១៩ នៅកម្ពុជា និងសិង្ហបុរី ជាពិសេសផលប៉ះពាល់ផ្នែកសង្គម និងសេដ្ឋកិច្ច ដែលកើតមាន បន្ទាប់ពីមានការរាតត្បាត ក្នុងតំបន់ និងពិភពលោក ក្នុងរយៈពេលជិត ០១ ឆ្នាំកន្លងមកនេះ និងបានចែករំលែកផ្លាស់ប្តូរបទពិសោធន៍ល្អៗទៅវិញទៅមក លើការចូលរួមរបស់កងទ័ពជើងគោក នៃប្រទេសទាំងពីរ ជាមួយរដ្ឋាភិបាល របស់ខ្លួនក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតសាកលនេះ ។
ក្រៅពីនេះ ភាគីទាំងពីរ ក៏បានឯកភាពបន្តពង្រឹងពង្រីកកិច្ច សហប្រតិបត្តិការបន្ថែមទៀត ជាពិសេសក្នុងផ្នែកអប់រំបណ្តុះបណ្តាលធនធានមនុស្ស លើជំនាញសំខាន់ៗមួយចំនួន ហើយសង្ឃឹមយ៉ាងមុតមាំថា នៅពេលស្ថានភាពជំងឺកូវីដ-១៩ បានធូរសា្រលឡើងវិញ កិច្ចសហប្រតិបត្តិការទាំងនេះ នឹងកាន់តែមានសន្ទុះខ្លាំងឡើងបន្ថែមទៀត ៕