ព័ត៌មានជាតិ

ម៉ាស និងបរិក្ខារពេទ្យ របស់រាជរដ្ឋាភិបាលកម្ពុជា កំពុងដឹកទៅប្រគល់ ជូនរដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា

ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បាននាំយកអំណោយ ម៉ាសជាង២លាន និងបរិក្ខារពេទ្យមួយចំនួនរបស់ រាជរដ្ឋាភិបាលកម្ពុជា ប្រគល់ជូន រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ដេីម្បីការពារ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

សូមជម្រាបថា អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រគល់ជូនរដ្ឋាភិបាលមីយ៉ាន់ម៉ា រួមមាន ៖ ម៉ាសចំនួន២លាន ,ម៉ាសក្រណាត់១ម៉ឺន, ម៉ាស N95 ចំនួន២ម៉ឺន, វែនតាសុវត្ថិភាព ចំនួន២ម៉ឺន, សំលៀកបំពាក់សុវត្ថិភាព សម្រាប់មន្ត្រីសុខាភិបាល (ជាឈុត) ចំនួន២ម៉ឺនឈុត, ម៉ាស៊ីនវាស់កំដៅ ចំនួន៥០០, របាំងមុខចំនួន២ម៉ឺន, ឧបករណ៍ជំនួយការដកដង្ហើម សម្រាប់ប្រយោធនកម្ម ចំនួន២០, ទូរទស្សន៍តាមដានសុខភាពអ្នកជំងឺ និងសម្ភារបន្ទាប់បន្សំម៉ូឌែល Vista 120 ចំនួន២០, ម្សៅថ្នាំបាញ់សម្លាប់មេរោគ ២៥គីឡូក្រាមក្នុង១ធុង (ក្លរ៉ាមីនប្រភេទB) ៥០០កេស, ស្បែកជើងក៏វែងសុវត្ថិភាព១ពាន់គូ និងសាប៊ូលាងដៃ ២ពាន់គូ។

សូមរំលឹកថា កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា បានផ្ញេីលិខិតជូនលោកស្រី អោង សានស៊ូជី ថា ក្នុងស្មារតីមិត្តភាព និងសាមគ្គីភាពដ៏យូរអង្វែង ក៏ដូចជា ការរួមដៃគ្នាជាមួយលោកស្រី ក្នុងកិច្ចខិតខំប្រឹងប្រែងបង្ការការរីក រាលដាលជំងឺកូវីដ-១៩ តាងនាមរាជរដ្ឋាភិបាល កម្ពុជា សម្ដេចសូមធ្វើការបរិច្ចាគនូវម៉ាស់ ចំនួន ២.០០០.០០០ និងសម្ភារៈវេជ្ជសាស្ត្រ មួយចំនួនទៀតជូនដល់រដ្ឋាភិបាល និងប្រជាជន មីយ៉ាន់ម៉ា៕

To Top