ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុន ហេង បានអះអាងថា រហូតមកដល់ពេលនេះ កម្ពុជា មិនទាន់ទទួលបានវ៉ាក់សាំង ព្យាបាលជំងឺកូវីដ១៩ ផ្លូវការនៅឡើយទេ ។
ការលើកឡើងរបស់រដ្ឋមន្ត្រីបែបនេះ បន្ទាប់ពីមាន ការចេញផ្សាយព័ត៌មានថា ប្រទេសដែលរកឃើញវ៉ាក់សាំងកូវីដ១៩ នឹងផ្តល់មកកម្ពុជា។
លោក ម៉ម ប៊ុនហេង បានឲ្យដឹងនៅថ្ងៃទី២៦ ខែវិច្ឆិកាឆ្នាំ២០២០ មុនពេលយកអំណោយជាម៉ាស់ និងសំភារៈ ពេទ្យមួយចំនួនទៅឲ្យរដ្ឋាភិបាលមីយ៉ាន់ម៉ា នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញថា ទោះបីជាមានប្រទេស មួយចំនួនរកឃើញវ៉ាក់សាំង ព្យាបាលជំងឺកូវីដ១៩ ក្តីតែកម្ពុជាកំពុងរងចាំ ។ ទោះបីយ៉ាងណាលោកថា វ៉ាក់សាំងនេះមិនទាន់មាន ការប្រកាសជាផ្លូវការនោះទេ ។
លោកបញ្ជាក់ថា «យើងមិនទាន់ទទួលបានជាផ្លូវការ នោះទេ សម្រាប់វ៉ាក់សាំងព្យាបាលជំងឺកូវីដ១៩។ យើងគ្រាន់បានឮគេសរសេរតែប៉ុណ្ណោះ។ តែយើងកំពុងចាំវ៉ាក់សាំង ។ តែវ៉ាក់សាំងមានច្រើនណាស់ គេមិនទាន់ឲ្យព័ត៌មានជាផ្លូវការនោះទេ។ គេនិយាយតែមាត់ ហើយខ្ញុំមិនទាន់ទទួលបាន ឯកសារជាផ្លូវការនោះទេ ដូចជាផលប៉ះពាល់ឬប្រសិទ្ធភាពនោះទេ ខ្ញុំឮតែតាមសារព័ត៌មាននោះទេ»។
លោកបន្ថែមថា មិនទាន់ទទួលបានវ៉ាក់សាំងណាមួយនោះទេ ព្រោះកម្ពុជាមិនទាន់មានអ្នកស្លាប់ តែបើយក មកបែរជាមានបញ្ហាគឺពិបាក ដូច្នេះត្រូវតែប្រុងប្រយ័ត្ន ។
រដ្ឋមន្ត្រីបានលើកឡើងទៀតថា សម្រាប់ប្រទេសគេមានមនុស្សឈឺ និងស្លាប់ច្រើនទើបយកវ៉ាក់សាំងសាកល្បង តែកម្ពុជាមិនមានទេ ព្រោះកម្ពុជាឆ្លងសុទ្ធតែជាអ្នកនាំយកពីក្រៅ ។
លោកសង្កេយឃើញថា ប្រជាពលរដ្ឋបានទទួលការអប់រំ និងអនុវត្តន៍ល្អចំពោះវិធានការ របស់ក្រសួងសុខាភិបាល។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃ២៦ វិច្ឆិកា មានអ្នកជំងឺកូវីដ១៩ចំនួន ៣០៧នាក់ និងអ្នកជាសះស្បើយចំនួន ២៩៨ នាក់ ៕