ព័ត៌មានជាតិ

ជប៉ុន-UNDP ចុះហត្ថលេខាលើកិច្ចព្រមព្រៀង អនុវត្តន៍ គម្រោងទប់ស្កាត់ នឹងសំណល់ប្លាស្ទិក ក្នុងសមុទ្រនៅកម្ពុជា

ភ្នំពេញ ៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជា និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តន៍ «គម្រោងទប់ស្កាត់នឹងសំណល់ ប្លាស្ទិកក្នុងសមុទ្រនៅកម្ពុជា» ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថាន កាលពីថ្ងៃទី២៥ វិច្ឆិកា បានឲ្យដឹងថា គម្រោងនេះនឹងត្រូវអនុវត្ត ដោយក្រសួងបរិស្ថាន ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និង UNDP ដោយមានគោលបំណងទប់ស្កាត់ និងកាត់បន្ថយឲ្យបានជាអតិបរមានូវការបំពុលដោយសំណល់ប្លាស្ទិកលើដី និងក្នុងសមុទ្រ តាមរយៈការជំរុញឲ្យមានការអនុវត្ត តាមគោលការណ៍ 4Rs (កុំប្រើ-Refuse កាត់បន្ថយ-Reduce ប្រើឡើងវិញ-Reuse និងកែច្នៃយកមកប្រើប្រាស់-Recycle)។

នាឱកាសនោះ លោក Mikami Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា មានប្រសាសន៍ថា «ការ បំពុលប្លាស្ទិកនៅ តាមសមុទ្របានក្លាយជាវិបត្តិបរិស្ថានដ៏ធំបំផុតមួយនៅក្នុងពិភពលោក។ក្នុងកិច្ចប្រជុំកំពូល ប្រទេស G20 ដែលធ្វើឡើងនៅទីក្រុងអូសាកា កាលពីឆ្នាំ២០១៩ រដ្ឋាភិបាលជប៉ុន បានប្រកាសអនុវត្តគំនិតផ្ដួចផ្ដើមថ្មីមួយ ដើម្បីជំរុញឲ្យមានការចាត់វិធាន ការប្រកបដោយប្រសិទ្ធភាព ប្រឆាំងទៅនឹងការបំពុលប្លាស្ទិកនៅតាមសមុទ្រ»។

លោកបន្ដថា ការកើនឡើងនូវសំណល់ប្លាស្ទិក បានក្លាយជាបញ្ហាប្រឈមមួយក្នុងចំណោមបញ្ហាប្រឈមធំៗ ជាងគេក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ។ សម្ភារៈប្រើប្រាស់ដែលធ្វើពីប្លាស្ទិកដូចជា ថង់ ដប និងប្រដាប់ដាក់វត្ថុនានា បច្ចុប្បន្ននេះ មានវត្តមាននៅគ្រប់ទិសទី ក្នុងផ្ទះ ក្នុងសាលារៀន និងក្នុងកន្លែងធ្វើការដែលការប្រើប្រាស់ឥតសំចៃបែបនេះបានបង្កនូវផល ប៉ះពាល់ដ៏ធ្ងន់ធ្ងរ។

លោកបញ្ជាក់ថា បរិមាណប្លាស្ទិកសរុបក្នុងសកល លោកទាំងមូលបានកើនឡើងដល់ ៨,៣ ពាន់លានតោន។ ជារៀងរាល់ឆ្នាំ មានប្លាស្ទិក ១៣ លានតោន ហូរចូលទៅក្នុងសមុទ្រស្មើនឹងការចាក់សំរាមមួយឡាន ពេញរៀងរាល់មួយនាទីម្ដង។ សំណល់ប្លាស្ទិកប្រមាណ ៩០% ដែលហូរចូលទៅក្នុងសមុទ្រមានប្រភពពីទន្លេធំៗ ចំនួន ១០ ក្នុងនោះមានទន្លេមេគង្គមួយផងដែរ។បញ្ហាធំជាងគេនោះគឺ ថង់ប្លាស្ទិកមិនងាយនឹងរលាយ ក្នុងដីនោះឡើយ ហើយបន្តវត្តមាននៅលើភពផែនដីរាប់រយឆ្នាំទៅមុខទៀត។

លោកថា ដោយឡែកក្នុងសមុទ្រវិញ មានថនិកសត្វ ត្រី និងបក្សីជាង ១ លានក្បាលរងគ្រោះថ្នាក់ ដោយ សារការលេបប្លាស្ទិកចូលទៅក្នុងពោះ ឬត្រូវរុំជាប់ជាមួយនឹងវត្ថុធ្វើពីប្លាស្ទិក។ បក្សី និងត្រីជាង ៩០% មានកម្ទេចប្លាស្ទិកនៅក្នុងពោះរបស់វា។ សារធាតុគីមី ពុលទាំងនេះបន្តការកើនឡើង ហើយហូរចូលទៅក្នុងរបបអាហារ និងក្នុងរាងការយរបស់មនុស្ស។

លោករៀបរាប់ថា បច្ចុប្បន្ននេះ មានប្រទេស និងទីក្រុងជាង ១០០ ក្នុងនោះ កម្ពុជាផងដែរ កំពុងដាក់ឲ្យអនុវត្តវិធានការថ្មីៗជុំវិញសំណល់ប្លាស្ទិក។ នៅកម្ពុជា ចាប់តាំងពីឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជា បានជំរុញឲ្យមានការអនុវត្តក្របខ័ណ្ឌ 4Rs ដើម្បីផ្ដល់នូវដំណោះស្រាយចំពោះបញ្ហាប្លាស្ទិកនៅក្នុងប្រទេស ដូចជា ការចេញនូវអនុក្រឹត្យ ដើម្បីគិតថ្លៃសេវាបន្ថែមលើការប្រើប្រាស់ថង់ប្លាស្ទិកជាដើម។

ដើម្បីបន្តប្រយុទ្ធប្រឆាំងនឹងការបំពុលដោយសារប្លាស្ទិក គម្រោងថ្មីនេះនឹងរៀបចំលិខិតបទដ្ឋានគតិយុត្ត បង្កើនការយល់ដឹង និងកាត់បន្ថយសំណល់ ប្លាស្ទិកនៅតាមតំបន់គោលដៅ ព្រមទាំងជំរុញឲ្យមានការកែច្នៃសំណល់ និងការប្រើប្រាស់សម្ភារផ្សេងក្រៅតែពីប្លាស្ទិក។ តំបន់គោលដៅ រួមមានក្រុងធំៗ និងខេត្តដែលនៅតាមតំបន់ឆ្នេរ ដូចជា៖ សៀមរាប ព្រះសីហនុ ភ្នំពេញ កែប កំពត និងកោះកុង ដើម្បីកាត់បន្ថយការបំពុលប្លាស្ទិកនៅតាមសមុទ្រឱ្យមានប្រសិទ្ធភាព នៅតាមតំបន់ប្រភពសំណល់តែម្ដង។

ដោយឡែក លោក Nick Beresford អ្នកតំណាងនិវាសនដ្ឋាននៃ UNDP ប្រចាំកម្ពុជា បានលើកឡើងថា «ការប្រយុទ្ធ ប្រឆាំងនឹងការបំពុលប្លាស្ទិក គឺជាការកិច្ចការដ៏សែនពិបាកមួយ។ ប៉ុន្តែ គម្រោងនេះនឹងនាំមកនូវការផ្លាស់ប្តូរ និងបង្ហាញ ឲ្យឃើញពីអនុភាពនៃការងាកទៅរកសេដ្ឋកិច្ចវិលជុំបែបបៃតង»។

ឆ្លៀតឱកាសនោះ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានឲ្យដឹងថា ការកាត់បន្ថយសំណល់ប្លាស្ទិកឲ្យ មានប្រសិទ្ធភាព ទាមទារឲ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នាពីគ្រប់គ្នា។លោកថា តាមរយៈគម្រោងនេះ អាចបង្ហាញឲ្យ ឃើញពី ឧត្តមានុវត្តន៍នៃអន្តរាគមន៍កាត់បន្ថយប្លាស្ទិកដែលអាចជួយឲ្យ បណ្ដាប្រទេសនានា នៅអាស៊ានយកគំរូតាមព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងការបំពុលប្លាស្ទិកនៅតាមសមុទ្រ៕

To Top