Covid-19

ក្នុងដំណាក់កាលកូវីដ១៩ កូរ៉េនៅតែទទួល ពលករកម្ពុជា

ភ្នំពេញ៖ ទោះបីស្ថិតក្នុងដំណាក់កាល ពិបាកដោយសារជំងឺកូវីដ-១៩ ក៏ដោយ ក៏សាធារណរដ្ឋកូរ៉េនៅតែព្រមទទួល យកពលករកម្ពុជាឲ្យធ្វើការ នៅប្រទេសខ្លួន ដោយសារនិយោជកពេញចិត្តសមត្ថភាព ភាព ស្មោះត្រង់ ខណៈបច្ចុប្បន្នពលករកម្ពុជាប្រមាណជិត ៥០,០០០នាក់ កំពុងបម្រើការងារលើវិស័យនានា នៅប្រទេសនេះ។

ការលើកឡើងនេះធ្វើឡើង ក្នុងជំនួបពិភាក្សាការងាររវាងលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយលោក Park Heung Kyeong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ។

លោករដ្ឋមន្ត្រីបានលើកឡើងថា បន្ទាប់ពីស្ថានភាពកូវីដ-១៩ នៅប្រទេសកូរ៉េមានភាពធូរស្រាល ដែលអាចទទួលយកកម្លាំងពលកម្មបរទេសបាន កម្ពុជារំពឹងថានឹងក្លាយជា ប្រទេសអាទិភាពមួយក្នុងចំណោម ប្រទេសចំនួន ១៥ ផ្សេងទៀត ដោយសារកម្ពុជាមាន ស្ថានភាពកូវីដល្អប្រសើរ មានជើងហោះហើរច្រើន។

ចំណែកឯកអគ្គរដ្ឋទូត សាធារណរដ្ឋកូរ៉េបានលើកឡើងថា នៅឆ្នាំ២០១៩ ពលករកម្ពុជាមានចំនួនច្រើនជាងគេ ក្នុងចំណោមពលករដែលធ្វើការនៅកូរ៉េ ហើយ ក្នុងដំណាក់កាលជំងឺកូវីដ-១៩ ឆ្នាំ២០២០នេះ កូរ៉េនៅតែអនុញ្ញាតទទួល ពលករកម្ពុជាដដែល។

លោកទូតបានបញ្ជាក់ថា «មូលហេតុដែលកូរ៉េអនុញ្ញាត ទទួលពលករកម្ពុជាយ៉ាងដូច្នេះ គឺដោយសារ និយោជកមានការពេញចិត្ត នឹងសមត្ថភាពខ្ពស់របស់ពលករកម្ពុជា មានភាពស្មោះត្រង់នឹងការងារ និងអនុវត្តតាមការណែនាំ របស់ផ្នែកសុខាភិបាលរបស់ រដ្ឋាភិបាលកូរ៉េបានយ៉ាងហ្មត់ចត់»។

សូមជម្រាបថា ចាប់ពីឆ្នាំ២០០៧មក កម្ពុជាបានបញ្ជូនពលករសរុប ៦៨,២៩៤ នាក់ (ស្រី ១៤,២៥៥ នាក់) ឱ្យទៅធ្វើការនៅប្រទេសកូរ៉េ ដែលរួមមានវិស័យឧស្សាហកម្ម កសិកម្ម និងសំណង់ ដែលអាណត្តិការងារមានរយៈពេល ៤ ឆ្នាំ ១០ ខែ ខណៈពេលបច្ចុប្បន្ន ពលករកម្ពុជាដែលកំពុងធ្វើការនៅកូរ៉េមានចំនួនជិត ៥០,០០០ នាក់៕

To Top