ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ បានថ្លែងថា តាមការ ស្រាវជ្រាវជំនាញ និងផ្អែកតាមបទពិសោធន៍កន្លងមកបង្ហាញថា អនុតំបន់ទន្លេមេគង្គ និងតំបន់ត្រីកោណមាស នៅតែជាចំណុចកណ្តាលនៃការផលិត និងចរាចរគ្រឿងញៀន សម្រាប់ឧក្រិដ្ឋជន សម្រាប់បន្តចែកចាយក្នុងតំបន់ និងពិភពលោក។
ដោយសារកត្តានេះសម្តេច ស ខេងបានស្នើភាគី ពាក់ព័ន្ធ ចាត់វិធានការជាបន្ទាន់ ដើម្បីកាត់បន្ថយហានិភ័យ ដ៏គ្រោះថ្នាក់នេះ។
ករណីគ្រឿងញៀន គឺក្នុងរយៈពេល៩ខែ ឆ្នាំ២០២០ កម្លាំងមានសមត្ថកិច្ចរបស់កម្ពុជា បានបង្ក្រាប និងឃាត់ខ្លួនអ្នកពាក់ព័ន្ធជាង ១ម៉ឺន ៣ពាន់នាក់ ។ ក្នុងនោះ ករណីមួយចំនួនធំ ត្រូវបាននាំចូលមកកម្ពុជា តាមព្រំដែនគោក។
ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រីអាស៊ាន ស្ដីពីការងារប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន (AMMTC) លើកទី១៤ និងកិច្ចប្រជុំពាក់ព័ន្ធតាមប្រព័ន្ធវិដេអូ នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ សម្ដេច ស ខេង បានឲ្យដឹងថា បច្ចុប្បន្ន ថ្វីត្បិត តែការរាតត្បាតនៃជំងឺកូវីដ-១៩ បានបង្កការរាំងស្ទះ និងការរឹតបន្ដឹងនានាដល់ការធ្វើ ដំណើរឆ្លងដែនក្នុងប្រទេស និងតំបន់ ជាពិសេស សកលលោក យ៉ាងណាក៏ដោយ ក៏ប៉ុន្តែសម្រាប់កម្ពុជាកត់សម្គាល់ឃើញ ការជួញដូរគ្រឿងញៀន នៅតែជាបញ្ហាដ៏ក្តៅគគុក ដែលបាននិងកំពុងបង្កផលប៉ះពាល់ ប្រទាក់ក្រឡាគ្នាយ៉ាងស្មុគស្មាញ ដល់សន្តិសុខ សុវត្ថិភាព សុខមាល ភាពសង្គម និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋទាំង នៅតំបន់ទីក្រុង រហូតរីកសាយភាយដល់ទីជនបទ។
សម្ដេច មានប្រសាសន៍ថា «តាមការស្រាវជ្រាវជំនាញ និងផ្អែកតាមបទពិសោធន៍កន្លងមក បង្ហាញថា អនុតំបន់ទន្លេ មេគង្គ ជាពិសេសតំបន់ត្រីកោណមាស នៅតែជាចំណុចកណ្តាលនៃការផលិត និងចរាចរគ្រឿងញៀនខុសច្បាប់ រួមទាំង ប្រភេទគ្រឿងញៀនសំយោគ សម្រាប់ឧក្រិដ្ឋជនបន្តចែកចាយ នៅក្នុងតំបន់ និងពិភពលោក។ សកម្មភាពនេះ បាននិងកំពុងបង្កផល ប៉ះពាល់ធ្ងន់ធ្ងរ មកលើដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ។ យើងចាំបាច់ ត្រូវតែមានវិធានការជាក់ស្តែងបន្ទាន់ ដើម្បីកាត់បន្ថយហានិភ័យ ដ៏គ្រោះថ្នាក់នេះ»។
សម្ដេចរំលឹកថា ទោះបីកន្លងមកមាន ការបង្ក្រាបករណី គ្រឿងញៀនមួយចំនួននៅបរទេស ដែលមានប្រភពផ្ញើចេញពីកម្ពុជា ក៏ប៉ុន្តែកម្ពុជា ក៏ជាប្រទេសរងគ្រោះដោយសារគ្រឿងញៀន និងជាទីតាំងឆ្លងកាត់របស់ជនល្មើស ខណៈកម្ពុជាមិនមែន ជាប្រទេសផលិតគ្រឿងញៀននោះទេ ។
ដោយមើលឃើញនូវគ្រោះថ្នាក់ និងមហន្តរាយ សង្គមធ្ងន់ធ្ងរបង្កឡើង ដោយបញ្ហាគ្រឿងញៀននេះ រាជរដ្ឋាភិបាលកម្ពុជាបាន ដាក់ចេញយន្តការជាក់លាក់ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តាមរយៈការអនុវត្ត យុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់រៀង រាល់៦ខែម្តង ដោយមានសម្ដេចផ្ទាល់ ធ្វើជាប្រធានយុទ្ធនាការនេះ។
ជាងនេះទៅទៀត សម្ដេច ក៏បានស្នើដល់ប្រទេសក្នុងតំបន់ ជាពិសេស រដ្ឋសមាជិក នៅក្នុងអនុតំបន់ទន្លេមេគង្គ ត្រូវបន្ត កិច្ចសហប្រតិបត្តិការ គាំទ្រគ្នាទៅវិញទៅមក ក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ឲ្យកាន់តែសកម្មថែមទៀត ដើម្បី ភាពសុខដុមរមនា របស់ប្រជាជនទាំងអស់គ្នា។
ឆ្លៀតឱកាសនោះ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏បានលើកឡើងថា កម្ពុជាក៏កំពុងដំណើរការ រៀបចំច្បាប់ប្រឆាំងបទល្មើស បច្ចេកវិទ្យាព័ត៌មាន ដែលត្រូវបានតាក់តែងឡើង ដោយឈរលើមូលដ្ឋាន នៃអនុសញ្ញាអន្តរជាតិប៊ុយដាប៉េស ស្តីពីឧក្រិដ្ឋ កម្មអ៊ិនធឺណិត ឆ្នាំ២០០១ និងក៏មានការចូលរួមផ្តល់ធាតុចូល ពីសំណាក់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗល្បីៗមួយចំនួន ដូចជាក្រុមហ៊ុន Facebook, Google, Amazon ជាដើម ៕
ដោយ ៖ អេង ប៊ូឆេង