ភ្នំពេញ៖លោក ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានថ្លែងថាក្រសួងគ្រោងនឹងបញ្ចេញ ពូជស្រូវចំនួន២ពាន់តោនបន្ថែមទៀត ដើម្បីធ្វើការចែកជូន ប្រជាកសិករ ដែលទទួលរងគ្រោះដោយជំនន់ទឹកភ្លៀង។
ក្នុងសន្និសីទសារព័ត៌មានស្ដីពី កិច្ចអន្តរាគមន៍ឆ្លើយតប និងស្ដារឡើងវិញបន្ទាប់ពីគ្រោះមហន្តរាយ ទឹកជំនន់ក្នុងផលិតផលកសិកម្ម នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ លោកងិន ឆាយ បានថ្លែងថា ជំនន់ទឹកភ្លៀង បានធ្វើឲ្យប៉ះពាល់ផ្ទៃដី ដំណាំស្រូវសរុបចំនួន ៣០៤ ៨១២ហិកតា ក្នុងនោះធ្វើឲ្យខូចខាត ដំណាំស្រូវចំនួន ១២៥៧៧០ហិកតា។
លោកបញ្ជាក់ថា រហូតមកដល់ពេលនេះ ក្រសួងបានស្ដារឡើងវិញនូវផ្ទៃដីដំណាំស្រូវបានចំនួន ជាង២ម៉ឺនហិកតានៅទូទាំងប្រទេស។
លោកបន្ថែមថា រហូតមកដល់ពេលនេះ ក្រសួងបានផ្ដល់គ្រាប់ពូជស្រូវចំនួន ៦៥៧៨តោន ចែកជូនជូនប្រជាកសិករចំនួន ៦៥៧៨០គ្រួសារ ដើម្បីធ្វើការអន្តរាគមន៍ ទៅដល់រាជធានី-ខេត្តចំនួន១៩។
លោកបន្ថែមទៀតថា “ពូជស្រូវដែលយើងចែកជូនប្រជាកសិករនេះ យើងគ្រោង ចំនួន២ពាន់តោន ក្នុងឆ្នាំ២០២០នេះ។ ២ពាន់តោននេះគឺយើង បានកំណត់នៅក្នុង អនុក្រឹត្យស្ដីពី ប្រព័ន្ធស្បៀងបម្រុងកម្ពុជា សម្រាប់ធ្វើការជួយសង្រ្គោះ ហើយក៏យើងមានថវិកាសម្រាប់១ពាន់តោន (ជាសាច់ប្រាក់)នៅក្នុងប្រព័ន្ធស្បៀងបម្រុង”។
ជាមួយគ្នានេះលោកបញ្ជាក់បន្ថែមទៀតថា ឆ្នាំនេះក្រសួងប្រើប្រាស់គ្រាប់ពូជស្រូវអស់ជិត៧ពាន់តោន ។ហើយក្រសួងក៏បានត្រៀមទិញពូជស្រូវទុក ត្រៀមបម្រុងចំនួន៥ពាន់ទៀត ដើម្បីធ្វើការអន្តរាគមន៍បន្ទាន់ផងដែរ។
ក្នុងឱកាសនោះលោកបញ្ជាក់ថា មានដៃគូអភិវឌ្ឍន៍មួយចំនួន បានសន្យាថា នឹងជួយដល់កសិករដែលទទួលរងគ្រោះដោយជំនន់ទឹកភ្លៀង ខណ:ពួកគេកំពុងធ្វើការប្រមូលធនធាន ដើម្បីជួយដល់ប្រជាកសិករ ដែលកំពុងទទួលរងគ្រោះ ដោយជំនន់ទឹកភ្លៀងនាពេលនេះ ជាពិសេស សំដៅធ្វើឲ្យមានការស្ដារឡើងវិញ នូវផលិតកម្មស្បៀង ឲ្យបានគ្រប់គ្រាន់ កុំឲ្យមានការខ្វះខាត។
លើសពីនេះទៀត លោកក៏បានអំពាវនាវ អ្នកដែលប្រមូលទិញស្រូវពីកសិករ ជួយទិញស្រូវពីកសិករ បន្ថែមទៀត ក្នុងតម្លៃមួយសមរម្យ កុំឲ្យមានការទម្លាក់ថ្លៃខ្លាំងពេក ទោះបីជាស្រូវរបស់ពួកគេ អន់គុណភាព ជួបប្រទះនូវបញ្ហាអាកាសធាតុ យ៉ាងណាក៏ដោយ។
បន្ថែមពីនេះទៀត ទាក់ទងការនាំអង្ករចេញរបស់កម្ពុជាវិញ លោកបញ្ជាក់ថា គិតត្រឹមរយៈពេល១០ខែឆ្នាំ២០២០ កម្ពុជានាំអង្ករចេញបានជិត៦០ម៉ឺនតោន
បើធៀបរយ:ពេលដូចគ្នា ឆ្នាំ២០១៩ មានការកើនឡើងគួរឲ្យមានការកត់សម្គាល់។
ក្នុងឱកាសនោះដែរ លោកអេង ជាសាន ប្រធានរដ្ឋបាលជលផលបានថ្លែងបញ្ជាក់ថា គិតត្រឹមរយៈពេល៥ឆ្នាំចុងក្រោយនេះ ការប្រមូលផលខាងផ្នែក វ៉ារីវប្បកម្ម មានកំណើនកើនឡើងពី២០ទៅ២២ភាគរយ ។ដោយឡែកឆ្នាំ២០២០នេះ ដោយសារតែមានការយកចិត្តទុកដាក់ ពីភាគីពាក់ព័ន្ធនានា រួមទាំងរាជរដ្ឋាភិបាលផងដែរនោះ ទើបការប្រមូលផល ផ្នែកវ៉ារីវប្បកម្ម បានឡើងរហូតដល់៣០ភាគរយ គួរជាទីមោទន:មួយ។
ជាមួយគ្នានោះ សម្រាប់ការនាំចូលផលនេសាទមួយចំនួន ដើម្បីផ្គត់ផ្គង់លើទីផ្សារកម្ពុជាវិញ លោកបញ្ជាក់ថា នៅតែមានការនាំចូល ព្រោះវាគឺជាការផ្លាស់ប្ដូរពាណិជ្ជកម្ម នៅលើសកលលោក ទៅវិញទៅមកតែការនាំចូលរបស់របរមួយចំនួនទាំងនោះ គឺផ្ដោតលើរបស់មួយចំនួន ដែលកម្ពុជាមិនមានតែប៉ុណ្ណោះ ដូចជា៖មឹកធំ ក្ដាមសមុទ្រធំៗ ត្រីសាម៉ុន ជាដើម៕
ដោយ៖ធី លីថូ