ព័ត៌មានជាតិ

ក្រុមមហាគ្រួសារ រថយន្ត OFF ROAD កម្ពុជា បានផ្តល់ស្នាមញញឹម ជូនប្រជាពលរដ្ឋខ្វះខាត និង សិស្សានុសិស្ស នៅខេត្តមណ្ឌលគិរី

ក្រុមគ្រួសាររថយន្ត OFF ROAD កម្ពុជា ប្រមាណជា៥០គ្រឿង បាននាំយកអំណោយ ជាគ្រឿងឧបភោគ បរិភោគ សម្ភារៈសិក្សា សំលៀកបំពាក់ និងថវិកាទៅចែកជូន ដល់សិស្សានុសិស្ស និង ប្រជាពលរដ្ឋខ្វះខាត ចំនួន២០០គ្រួសារ ស្ថិតនៅក្នុងភូមិឡៅរមៀត ឃុំត្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី កាលពីចុងសប្តាហ៍កន្លងទៅ ដឹកនាំដោយ លោក ទៀ សុខា និងលោកឧកញ៉ា ទៀ វិចិត្រ ។

កម្មវិធី OFF ROAD សប្បុរសធម៍ទៅកាន់ ខេត្តមណ្ឌលគិរី លើកនេះ សមាជិកក្រុមគ្រួសាររថយន្ត OFF ROAD កម្ពុជាទាំងអស់ បានចំណាយពេលវេលា​ រយៈពេល២ថ្ងៃ ដោយធ្វើដំណើរ ប្រមាណជាជាង ៥០០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ក្នុងស្ថានភាពផ្លូវលំបាក ពោរពេញដោយឧបសគ្គ ឆ្លងកាត់ព្រៃ ជ្រោះ ស្ទឹង ច្រលងដងអូរ ប្រមាណជាជាង១០គីឡូម៉ែត្រទៀត ពីទីរួមខេត្ត ទើបអាចឆ្លងទៅដល់ ភូមិដាច់ស្រយ៉ាល របស់ប្អូនជនជាតិដើមភាគតិច ។

អ្នករៀបចំកម្មវិធី OFF ROAD សប្បុរសធម៌ លោក ញឹម សុវណ្ណារ៉ូ បានឲ្យដឹងថា ក្រោមគំនិតផ្តួចផ្តើម របស់ក្រុមមហាគ្រួសាររថយន្ត OFF ROAD កម្ពុជា ដឹកនាំដោយ លោក ទៀ សុខា និង លោក ឧកញ៉ា ទៀ វិចិត្រ នាំយកអំណោយ​ ទៅចែកជូនដល់សិស្សានុសិស្ស និងគ្រួសារបងប្អូន ជនជាតិដើមភាគតិច ដែលកំពុងខ្វះខាតនៅភូមិ ឃុំខាងលើ និងបានផ្តល់ស្នាមញញឹម ព្រមជាមួយភាពសប្បាយរីករាយ ដោយបានគៀងគរ ក្រុមមហាគ្រួសាររថយន្ត OFF ROAD កម្ពុជា ជាថវិកា ទិញជាសម្ភារៈសិក្សា គ្រឿងឧបភោគ បរិភាគ អាវរងារ និងថវិកាមួយចំនួន យកទៅចែកជូនដល់ពួកគាត់ ។

ដោយឡែក លោក វង្ស គឹមហួត ប្រធានក្រុម VKH CROSS COUNTRY នៃក្រុមមហាគ្រួសាររថយន្ត OFF ROAD កម្ពុជា បានបង្ហាញអារម្មណ៍ រីករាយជាមួយ និងកម្មវិធី OFF ROADសប្បុរសធម៌ ដោយលោកប្តេជ្ញា បន្តគាំទ្រ ចូលរួមជាមួយមូលនិធិ ដើម្បីជួយដល់គ្រួសារ និងសិស្សានុសិស្សខ្វះខាត នៅតំបន់ដាច់ស្រយ៉ាល់ជាបន្តទៀត ។

លោក កុច ប្រាណ ប្រជាពលរដ្ឋ នៅក្នុងភូមិ ឡៅរមៀត បានលើកឡើងថា ភូមិរបស់លោកបានកកើត នៅឆ្នាំ១៩៨៧ ប្រជាពលរដ្ឋនៅទីនេះ ជាជនជាតិដើមភាគតិច គឺផ្នងការយល់ដឹងមានកម្រិត ហើយ ជីវភាពវិញគឺលំបាក ពុំសូវមានទំនាក់ទំនង ជាមួយមជ្ឈដ្ឋានខាងក្រៅ នោះទេ ដោយសាតែ សណ្ឋានភាពផ្លូវលំបាក ។ លោក ក្នុងនាមតំណាងប្រជាពលរដ្ឋ សូមថ្លែងអំរគុណ យ៉ាងខ្លាំង ចំពោះសប្បុរសជន ក្រុមមហាគ្រួសាររថយន្ត OFF ROAD កម្ពុជា ដែលនាំយកអំណោយ មកដល់ទីភូមិដាច់ស្រយ៉ាលនេះ ។ លោកចាត់ទុកអំណោយនេះ ជាការជួយរំលែក ការលំបាកមួយគ្រា របស់បងប្អូនជាតិជាតិដើម ភាគតិចដែលរស់នៅ ដាច់ស្រយ៉ាល់ពីទីប្រជុំជន ។

លោក ទៀ សុខា មានប្រសាសន៍ថា ក្រុមមហាគ្រួសាររថយន្ត OFF ROAD កម្ពុជា បានបង្កើតឡើង​ ប្រមាណជា៧ឆ្នាំមកហើយ និងបានចូលរួម ជួយផ្សព្វផ្សាយ ពីតំបន់អេកូទេសចរណ៍ និងតំបន់ធនធានធម្មជាតិ នៅកន្លែងដាច់ស្រយ៉ាលជាច្រើន នៅក្នុងប្រទេសកម្ពុជា ដូចជា តំបន់ខ្នងផ្សារ តំបន់អារ៉ែង ឆាយរាបជាដើម ជាពិសេសមហាគ្រួសាររថយន្ត Off Road តែងតែ គៀងគរថវិកា មូលនិធិសប្បុរសធម៌ ទិញជាសម្ភារៈសិក្សា គ្រឿងឧបភោគ បរិភោគ និងអារងារ ទៅចែកជូនដល់បងប្អូនៗ និងក្មួយៗ នៅតំបន់ដាច់ ស្រយ៉ាលទាំងនោះ ក្នុងន័យរួមចំណែក សកម្មភាពមនុស្សធម៌ ជួយដល់សង្គមជាតិ ដើម្បីតបស្នង ដល់គុណនូបការៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជជាណាចក្រកម្ពុជា ដែលជាបុគ្គលឆ្នើម ជួយឲ្យប្រទេស រស់ក្នុងសន្តិភាព ។ ជាមួយគ្នានោះ លោក ក្នុងនាមថ្នាក់ដឹកនាំ ក្រុមមហាគ្រួសាររថយន្ត OFF ROAD កម្ពុជា បានផ្តាំផ្ញើរក្រើនរំលឹក ដល់ប្រជាពលរដ្ឋ សូមរក្សាសុខភាព ហូបស្អាត ផឹកស្អាត និងខិតខំបង្កបង្កើន ផលដំណាំស្រូវ ដើម្បីជួយទ្រទ្រង់ជីវភាព ។

គួររំលឹកថា ក្រុមរថយន្តកីឡារថយន្ត OFF ROAD កម្ពុជា បានបង្កើតតាំង ពីឆ្នាំ២០១៣ ដល់ ឆ្នាំ២០២០ និងមានសមាជិក គ្រួសាររថយន្ត OFF ROA កម្ពុជា គិតមកដល់ពេលនេះ ជាង២០០គ្រឿងហើយ គោលបំណងសំខាន់ របស់ក្រុមគ្រួសារមហា Off Road ដើម្បីផ្សព្វផ្សាយ ពីតំបន់ទេសចរណ៍ ផ្សារភ្ជាប់សកម្មភាពមនុស្សធម៌ ជាចំណែកមួយ ជួយដល់សង្គម ជាពិសេសនោះ ជួយជម្រុញវិស័យកីឡារថយន្ត OFF ROAD អោយកាន់តែផុសផុល បន្ថែមទៀត នៅកម្ពុជាផងដែរ ៕

To Top