ព័ត៌មានជាតិ

កម្ពុជា កំពុងលើកកម្ពស់ប្រព័ន្ធឌីជីថល ទាំងក្នុងវិស័យផលិតកម្ម ឧស្សាហកម្ម និងសេវាកម្ម

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា កម្ពុជាបាននិងកំពុងលើកកម្ពស់ ការធ្វើប្រព័ន្ធឌីជីថល ទាំងនៅក្នុងវិស័យ ផលិតកម្ម ឧស្សាហកម្ម សេវាកម្ម និងរដ្ឋា ភិបាលឌីជីថល ខណៈកម្ពុជានឹងដាក់ចេញនយោបាយ សេដ្ឋកិច្ច-សង្គម ឌីជីថល នាពេលខាងមុខនេះ។

ក្នុងពិធីបើកពិព័រណ៍ ចិន-អាស៊ាន លើកទី១៧ ក្រោមប្រធានបទ «កសាងខ្សែក្រវ៉ាត់ និងផ្លូវ និងពង្រឹងកិច្ចសហប្រតិបត្តិ ការ សេដ្ឋកិច្ចឌីជីថល» តាមរយៈប្រព័ន្ធវីដេអូ នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវិមានសន្ដិភាព សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ភាពចាំបាច់ត្រូវពង្រឹងការប្តេជ្ញា ទ្រទ្រង់គោលការណ៍ពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការអន្តរ ជាតិ ដើម្បីដោះស្រាយផលប៉ះពាល់លើផ្នែក សេដ្ឋកិច្ច-សង្គម ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩។

សម្ដេចតេជោ មានប្រសាសន៍ថា «វិបត្តិកូវីដ ក៏បានរំលិចឲ្យឃើញ កាន់តែច្បាស់នូវភាពចាំបាច់ ក្នុងការជំរុញអភិវឌ្ឍ សេដ្ឋកិច្ច-សង្គម ឌីជីថល។ បច្ចេកវិទ្យាឌីជីថលបាននិងកំពុង ធ្វើតួនាទីយ៉ាងសំខាន់ ក្នុងការសម្របខ្លួនរបស់យើងទៅក្នុង បរិការថ្មីនៃការរស់នៅ និងការអនុវត្តការងារដោយបានជួយសម្រួល ប្រាស្រ័យទាក់ទងគ្នា ក្នុងតំបន់ និងសកល»។

សម្ដេចតេជោ បន្ដថា ការពន្លឿនតភ្ជាប់ឌីជីថលក្នុងតំបន់ និងការកែប្រែសង្គមសេដ្ឋកិច្ច ឲ្យទៅជាសង្គម សេដ្ឋកិច្ចឌីជីថល និងក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងការស្ដារសេដ្ឋកិច្ចឡើងវិញ ក្រោយពីវិបត្តិកូវីដ-១៩ ត្រូវបានបញ្ចប់។ សម្ដេចថា ប្រទេសចិន គឺជាប្រទេសមួយដឹកនាំការវិនិយោគ និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល នៅក្នុងសកលលោក។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្ថែមថា «រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងលើកកម្ពស់ការធ្វើឌីជីថល លូបនីយកម្ម ទាំងក្នុងវិស័យ ផលិតកម្ម ឧស្សាហកម្ម សេវាកម្ម និងរដ្ឋាភិបាលឌីជីថល។កម្ពុជានិងដាក់ចេញ ក្របខណ្ឌនយោបាយ សេដ្ឋកិច្ច សង្គមឌីជីថល នាពេលឆាប់ៗខាងមុខនេះ»។

ជាងនេះទៅទៀត សម្ដេចតេជោ បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានចេញការអនុវត្តវិធានការ កែទម្រង់យ៉ាងមុតស្រួច ដើម្បីកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគឲ្យបានកាន់តែប្រសើរ ៕

ដោយ៖ អេង ប៊ូឆេង

To Top