ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអះអាងថា តាមរយៈផលិតផលទេសចរណ៍ថ្មីៗ ដែលមាននៅខេត្តមណ្ឌលគិរី នឹងទាក់ទាញ ទេសចរអន្តរជាតិឲ្យមាន ការកើនឡើងប្រមាណ ៩០ម៉ឺននាក់ និងភ្ញៀវទេសចរក្នុងស្រុកប្រមាណជាង ២លាននាក់ នៅឆ្នាំ២០៣៥។
ក្រោយបញ្ចប់កិច្ចប្រជុំ គណៈកម្មការអន្តរក្រសួង ដើម្បីពិគ្រោះយោបល់លើសេចក្ដីព្រាងលើកទី៣ នៃផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ ខេត្តមណ្ឌលគិរី នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ លោកថោង ខុន បានថ្លែងថា នៅក្នុងផែនការមេអភិវឌ្ឍន៍វិស័យ ទេសចរណ៍ខេត្តមណ្ឌលគិរី បានបែងចែកប៉ូលទេសចរណ៍ធំៗចំនួន ៦ ទៅតាមទីតាំងភូមិសាស្ត្រ និងសក្ដានុពលផ្សេងគ្នា។
ក្នុងនោះរួមមាន៖
តំបន់អេកូទេសចរណ៍ ក្នុងដែនជម្រកសត្វព្រៃ៖ ដោយសារនៅក្នុងខេត្តមណ្ឌលគិរី មានដែនជម្រកសត្វព្រៃចំនួន ៥ ដែលស្ថិតក្រោមការគ្រប់គ្រង របស់ក្រសួងបរិស្ថាន និងពោរពេញដោយសក្ដានុពល ក្នុងវិស័យអេកូទេសចរណ៍។
តំបន់របៀងអេកូទេសចរណ៍ និងទេសចរណ៍ជនជាតិដើមភាគតិច៖ ដែលប៉ូលទេសចរណ៍ទីពីរនេះ នឹងត្រូវភ្ជាប់ពីតំបន់ប៊ូស្រា ទៅកាន់តំបន់ដាក់ដាំ។
តំបន់ក្រុងសែនមនោរម្យ៖ នឹងអភិវឌ្ឍក្រុងនេះទៅជា តំបន់អភិវឌ្ឍន៍ពហុបំណង ដែលមានសកម្មភាពកម្សាន្ត ផ្សេងៗមានលក្ខណៈសម្បូរបែប។
តំបន់ប្រជុំជនស្រុកកោះញែក៖ មានសក្ដានុពលជាតំបន់កសិទេសចរណ៍ ពិសេសអាចរៀបចំជាចំណតយន្តហោះលើទឹក (Water Plan) នៅទន្លេស្រែពកនៃស្រុកកោះញែក។ ថ្វីដ្បិតទន្លេស្រែពកមិនអំណោយផលដល់ការធ្វើនាវាចរទេសចរណ៍ ឬដឹកជញ្ជូនមិនបានក៏ពិតមែន (ដោយសារសម្បូរថ្មប៉ប្រះទឹក) តែគេអាចរៀបចំជាចំណតយន្ត លើទឹកដូចបណ្ដាប្រទេសមួយចំនួន ដែលឱ្យយន្តហោះហោះហើរ មកកាន់តំបន់បឹងទន្លេសាប ឬទៅកាន់កោះរ៉ុងបានទៀតផង។
តំបន់អាកាសយានដ្ឋានមណ្ឌលគិរី នៅស្រុកអូររាំង៖ ដែលនឹងត្រូវអភិវឌ្ឍន៍ជាទីក្រុងរណប នៃក្រុងសែនមនោរម្យ និងតំបន់សមាហណកម្មច្រកទ្វារព្រំដែន៖ នៅខេត្តមណ្ឌលគិរីមានច្រកទ្វារព្រំដែន ទ្វេភាគីជាមួយវៀតណាមចំនួន ៤ កន្លែង ដែលអាចជំរុញឱ្យមានសកម្មភាពអភិវឌ្ឍន៍ និងទេសចរណ៍នៅតាមច្រកព្រំដែននេះ។
ជាមួយគ្នានោះលោកបញ្ជាក់ថា ផែនការអភិវឌ្ឍប៉ូលទេសចរណ៍ធំៗចំនួន ៦ ត្រូវបានគណៈកម្មការអន្តរក្រសួង ជ្រើសរើសកំណត់ និងដាក់បញ្ចូលក្នុងផែនការមេអភិវឌ្ឍន៍ វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ឆ្នាំ២០២០-២០៣៥ ខណៈតំបន់ប៉ូលទេសចរណ៍ ទាំងនេះមានទីតាំងភូមិសាស្ត្រ និងសក្ដានុពលសំខាន់ៗផ្សេងៗគ្នា។
លើសពីនេះទៀតលោករដ្ឋមន្រ្តីបន្ថែមថា ” ការបំពេញនូវធាតុចូលទាំងនេះ គឺដើម្បីចូលរួមអភិវឌ្ឍវិស័យទេសចរណ៍ នៅខេត្តមណ្ឌលគិរី ឱ្យកាន់តែមានភាពទាក់ទាញ សំដៅទាក់ទាញភ្ញៀវទេសចរអន្តរជាតិ នឹងកើនឡើងប្រមាណ ៩០ម៉ឺននាក់ និងភ្ញៀវទេសចរក្នុងស្រុកប្រមាណជាង ២លាននាក់ផងដែរ នៅឆ្នាំ២០៣៥ ជាមួយនឹងការអភិវឌ្ឍផលិតផល ទេសចរណ៍ថ្មីៗស្របតាមស្មារតីនៃផែនការមេនេះ”។
ក្នុងឱកាសនោះលោកបញ្ជាក់ថា ក្រោយទទួលបានការផ្ដល់យោបល់ខាងលើ ក្រុមការងារជំនាញនឹងសរសេរបន្ថែម នូវធាតុចូលសំខាន់ៗ មួយចំនួនទៀតពីអន្តរក្រសួង-ស្ថាប័ន ដើម្បីរៀបចំជាសេចក្ដីព្រាងចុងក្រោយ នឹងបន្តដាក់ជូនគណៈកម្មការ អភិវឌ្ឍទេសចរណ៍ថ្នាក់ជាតិនៅចុងខែធ្នូ ឆ្នាំ២០២០។ ហើយបន្ទាប់ពីបានឯកភាពពីគណៈកម្មការនេះហើយ នឹងបន្តដាក់ឆ្លងរាជរដ្ឋាភិបាល នៅដើមឆ្នាំ២០២១ ខាងមុខ៕
ដោយ៖ ធី លីថូ