ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ក្រុមហ៊ុនកម្ពុជាតេលា បានផ្តល់រថយន្ត ចំនួន ១០គ្រឿង រួមមាន រថយន្តប្រភេទដឹកជញ្ជូន អ្នកដំណើរ ចំនួន ០៤គ្រឿង និងរថយន្តដឹកប្រេងឥន្ធនៈ ចំនួន ០៦គ្រឿង ជូនដល់បញ្ជាការដ្ឋានកងទ័ពជើងគោក និងបញ្ជាការដ្ឋានជាតិកម្លាំងពិសេស ប្រឆាំងភេរវកម្ម។
ក្នុងពិធីប្រគល់ទទួលរថយន្តទាំងនេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានថ្លែងអំណរគុណ ដល់ក្រុមហ៊ុនកម្ពុជាតេលា ដែលជានិច្ចកាលតែងតែ បានជួយឧត្ថម្ភគាំទ្រដល់កងទ័ព ទាំងការជួយផ្គត់ផ្គង់ប្រេងឥន្ធនៈ និងការជួយដោះស្រាយ តម្រូវការផ្សេងៗរបស់កងទ័ព នាពេលកន្លងមក។
លោក ក៏បានបន្តលើកឡើងថា ការផ្តល់រថយន្តទាំង ១០គ្រឿងនៅពេលនេះ គឺពិតជាបានឆ្លើយតប ទៅនឹងសេចក្តីត្រូវការជាក់ស្តែងរបស់អង្គភាព លើមធ្យោបាយដឹកជញ្ជូន ជាពិសេសការធានាម្ចាស់ការ ចល័តផ្គត់ផ្គង់ប្រេងឥន្ទនៈ ឱ្យបានទាន់ពេលវេលា នៅពេលមានតម្រូវការបន្ទាន់។ បទពិសោធន៍ជាក់ស្តែងកន្លងទៅនេះ កងទ័ពបានទទួលបទបញ្ជា ចេញធ្វើប្រតិបត្តិការ ជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ នៅតាមមុខព្រួញនានា ហើយតម្រូវការមធ្យោបាយដឹកជញ្ជូន គឺជាកត្តាចាំបាច់មិនអាចខ្វះបាន។
លោកឧកញ៉ា ឈុន អូន អគ្គនាយកក្រុមហ៊ុនកម្ពុជាតេលា បានសម្តែងនូវទឹកចិត្តរីករាយបំផុត និងបានប្តេជ្ញាបន្តជួយដល់កងទ័ពជានិច្ច ជាពិសេសនៅពេលមានតម្រូវការ ក្នុងកាលៈទេសៈណាក៏ដោយ គឺក្រុមហ៊ុននឹងត្រៀម ជួយដោះស្រាយឱ្យអស់លទ្ធភាព៕