ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ៖ ស្ថានភាពអ្នកជំងឺដោយសារពុលថ្នាំ នៅស្រុកទឹកផុស បានធូរស្រាល និងត្រឡប់ទៅផ្ទះរៀងៗខ្លួន

ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានឲ្យដឹងថា ស្ថាន ភាពអ្នកជំងឺសង្ស័យពុលថ្នាំ នៅភូមិជីប្រ៉ង ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ទាំង១០នាក់នោះ បានធូរស្រាល និងត្រឡប់ទៅផ្ទះសម្បែងរៀងៗខ្លួន វិញហើយ។

លោកស្រី ឱ វណ្ណឌីន បានប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងគ្រុបតេឡេក្រាម នារសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០២០ ឲ្យដឹងថា បេីតាមរបាយការណ៍ ស្តីពីករណីសង្ស័យពុលទឹក ដែលមានសារធាតុគីមីពុល នៅភូមិជីប្រ៉ង ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង សរុបជនរងគ្រោះ ចំនួន១៣នាក់ និងមានស្លាប់ ចំនួន២នាក់ ដោយឡែក អ្នកសម្រាក នៅសង្គ្រោះបន្ទាន់មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ចំនួន ១០នាក់ ក្នុងនោះ មានបុរសម្នាក់ មានសភាពធ្ងន់។

លោកស្រី បញ្ជាក់យ៉ាងដូច្នេះថា «បច្ចប្បន្ន ស្ថានបភាពអ្នកពុល ទាំង១០នាក់ មានសភាពបានធូរស្រាល បានចេញត្រឡប់ទៅផ្ទះសម្បែងរៀងៗខ្លួន នៅថ្ងៃទី២៧ វិច្ឆិកា នេះ ហេីយ តែស្ត្រីម្នាក់អាយ៥៣ឆ្នាំ ក៏បានធូរស្បើយពីការពុលនេះហើយ តែត្រូវនៅបន្តព្យាបាល ដោយសារគាត់មានជំងឺសួត ដែលក្រុមគ្រូពេទ្យបានពិនិត្យឃើញ»។

ជាងនេះទៅទៀត អ្នកនាំពាក្យ ក្រសួងសុខាភិបាល ក៏បានរៀបរាប់ថា បើតាមរបាយការណ៍ ពីមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានរាយការណ៍ថា តាមការសាកសួរ អ្នកភូមិជីប្រ៉ង ថា មានមនុស្សចាស់ និងក្មេងបានទៅច្រូតស្រូវ នៅព្រៃអូរគគីរ ឃុំជៀប ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ។ ហើយពេលព្រឹក ថ្ងៃទី២៤ វិច្ឆិកា ពួកគាត់បានអស់ទឹកសម្រាប់បរិភោគ ក៏បានទៅដងទឹកអណ្តូង ដែលគេជីកនៅតាមវាលស្រែ យកទឹកសម្រាប់ប្រើប្រាស់ និងយកមកចែកគ្នាបរិភោគ ពេលបាយថ្ងៃត្រង់។

អ្នកនាំពាក្យ បន្ដថា នៅថ្ងៃដដែលនោះ មានគេឃើញកសិករដាំឪឡឹកក្បែរនោះ បានយកធុងថ្នាំលាយ និងលាងធុងថ្នាំនៅទីនោះ មុន និងក្រោយបាញ់ថ្នាំឪឡឹកគាត់។ ក្រោយពិសារទឹកនោះបន្តិចមក មានស្ត្រីម្នាក់ចេញសញ្ញាក្អួតចង្អោរ តែមិនមានអ្នកចាប់អារម្មណ៍ថាពុលថ្នាំ ស្មានថាខ្យល់ចាប់ និងជាបន្តបន្ទាប់មានអ្នកអស់កម្លាំង ឈឺក្បាល ទន់ដៃជើង ពិបាកដកដង្ហើម និងមានរហូតដល់ស្លាប់២នាក់ ហើយអ្នកធ្ងន់ម្នាក់ បញ្ជូនទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង៕

ដោយ ៖ អេង ប៊ូឆេង

To Top