ព័ត៌មានជាតិ

សម្ដេច​តេជោ​ ធ្វើដំណើរទៅកាន់ខេត្ត​សៀមរាប​ ដើម្បីត្រៀម​អញ្ជើញ​បើកការដ្ឋានសាងសង់ផ្លូវ​៣៨ខ្សែ​ នៅថ្ងៃ៣០​ វិច្ឆិកា

ភ្នំពេញ​ ៖​ សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ បាននិងកំពុងធ្វើដំណើរទៅកាន់ខេត្តសៀមរាប​ ដើម្បីត្រៀម​បើកការដ្ឋានសាងសង់ផ្លូវ​ ៣៨ខ្សែ​ ក្នុងក្រុងសៀមរាប​ នៅថ្ងៃទី៣០​ ខែវិច្ឆិកា​ ឆ្នាំ​២០២០ខាងមុខនេះ​។

យោងគេហទំព័រហ្វេសប៊ុក​របស់​ សម្ដេច​តេជោ​ ហ៊ុន​ សែន​ នៅព្រឹកថ្ងៃទី២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ បានឲ្យដឹងថា​ ព្រឹត្តិការណ៍​ ៣វិច្ឆិកា​ ដែលបង្កឡើងដោយកូវីដ១៩​បានពន្យារពេលការបើកការដ្ឋានសាងសង់ផ្លូវ៣៨ខ្សែ​ នៅក្រុងសៀមរាប។

សម្តេចតេជោ​ មានប្រសាសន៍ថា​ «ពេលនេះខ្ញុំកំពុងធ្វើដំណើរទៅកាន់ខេត្តសៀមរាបដើម្បីបើកការដ្ឋានសាងសង់នៅថ្ងៃ៣០វិច្ឆិកា២០២០ខានស្អែកនេះ»។ 

ជាងនេះទៅទៀ​ត​ សម្ដេច​តេជោ​ ហ៊ុន​ សែន​ ក៏បានបញ្ជាក់ថា​ ប្រមាណជាងមួយឆ្នាំទៀតក្រុងសៀមរាបនឹងមានផ្លូវល្អដែលសម្ដេចផ្តោតសំខាន់លើចំណុច៤គឺ គុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសោភណ័ភាពសម្រាប់ទីក្រុងទេសចរណ៍មួយនេះ។

សូមរំលឹកថា ការសាងសង់ផ្លូវទាំង៣៨ខ្សែ នៅក្រុងសៀមរាបនេះ ត្រូវបានបែងចែកជា៤ប្រភេទ ក្នុងនោះ ៖ ប្រភេទទី១-ចាក់បេតុងកម្រាស់ ២៥សង់ទីម៉ែត្រ ដូចជាផ្លូវវាងក្រុង ដោយកន្លែងខ្លះចាក់បេតុង តែមិនអ៊ុតបេតុងកៅស៊ូ(AC)ពីលើទេ ,ប្រភេទទី២-ចាក់បេតុងកម្រាស់ ២០សង់ទីម៉ែត្រ និងកន្លែងខ្លះកម្រាស់ ៧សង់ទីម៉ែត្រយោងទៅតាមស្ថានភាពភូមិសាស្ត្រ ស្ថានភាពចរាចរាណ៍ និងការដឹកជញ្ជូន ,ប្រភេទទី៣-ជួសជុលគ្រឹះ មិនចាំបាច់ចាក់បេតុង ហើយអ៊ុតកៅស៊ូបេតុងតែម្ដង និងប្រភេទទី៤- អ៊ុតកៅស៊ូបេតុងកម្រាស់ ១៥សង់ទីម៉ែត្រ ពីលើតែម្ដងដោយសារគ្រឹះផ្លូវនោះ នៅមានភាពរឹងមាំស្រាប់ទៅហើយ ៕

ដោយ​ អេង​ ប៊ូឆេង​

To Top