ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី ផ្ញើសារអបអរសាទរខួប ២ឆ្នាំ នៃការបញ្ចូលល្ខោនខោល ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ គឺជាខួប២ឆ្នាំ ដែលល្ខោនខោលត្រូវបានដាក់បញ្ចូល ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ (២៨ វិច្ឆិកា ២០១៨ – ២៨ វិច្ឆិកា ២០២០)។

យោងគេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៨ វិច្ឆិកានេះថា ល្ខោនខោល ដែលជាស្នាដៃសិល្បៈបុរាណ ដ៏វិសេសវិសាលអស្ចារ្យរបស់កម្ពុជា ត្រូវបានអង្គការយូណេស្កូ សម្រេចដាក់ចូលក្នុងបញ្ជី បេតិកភ័ណ្ឌពិភព អរូបីនៃមនុស្សជាតិ ក្នុងឱកាសកិច្ចប្រជុំលើកទី១៣ ក្នុងទីក្រុងព័រល្វីស នៃសាធារណរដ្ឋម៉ូរីស នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ។

សម្តេចតេជោបន្តថា ការដាក់បញ្ចូល ល្ខោនខោល ទៅក្នុងបញ្ជីអរូបីនៃមនុស្សជាតិនាពេលនេះ គឺជាការរួមចំណែកធ្វើឲ្យកេរ្តិ៍ឈ្មោះ របស់ព្រះរាជាណាចក្រកម្ពុជា កាន់តែល្បីសុះសាយទូទាំងពិភពលោក ហើយធ្វើឲ្យកម្ពុជាក្លាយជាតួអង្គ កាន់តែលេចធ្លោថែមទៀត នៅលើវេទិកាបេតិកភ័ណ្ឌពិភពលោក។ សម្ដេចថា កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប៕

ដោយ អេង ប៊ូឆេង

https://web.facebook.com/hunsencambodia/videos/135538774713231

To Top