ព័ត៌មានជាតិ

លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យ ការងារអន្តរាគមន៍ ជួលជុលបន្ទាន់ ដើម្បីបិទផ្ចិតភ្លឺប្រឡាយ ទំនប់អាងទឹកខ្ចប់រក្សាទឹកទុក នៅតាមបណ្តាខេត្ត ភាគពាយ័ព្យ

ភ្នំពេញ ៖ នាព្រឹកថៃ្ងសៅរ៍ ១៣កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងដំណើរបេសកកម្ម ចុះពិនិត្យលទ្ធផល ការងារអន្តរាគមន៍ ជួលជុលបន្ទាន់ ដើម្បីបិទផ្ចិតភ្លឺប្រឡាយ ទំនប់អាងទឹកខ្ចប់រក្សាទឹកទុក នៅតាមបណ្តាខេត្ត ភាគពាយ័ព្យ ដែលបានរងគ្រោះធ្ងន់ធ្ងរ ដោយជំនន់ទឹកភ្លៀង នាពេលកន្លងមកថ្មីៗនេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងលោក អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំបង លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង និងក្រុមមន្រ្តីបច្ចេកទេស បានចុះពិនិត្យជាក់ស្តែងនៅប្រព័ន្ធធារាសាស្រ្តកង្ហត និងប្រព័ន្ធធារាសាស្រ្តកំពីងពួយ ក្នុងខេត្តបាត់ដំបង ។

លោករដ្ឋមន្រ្តី និងក្រុមការងារបច្ចេកទេស បានចុះពិនិត្យផ្ទាល់លើលទ្ធផលការងារ ជួសជុលបន្ទាន់បិទផ្ជិតភ្លឺប្រឡាយ និងទំនប់ ដែលបានអនុវត្តរួចរាល់ តាំងពីថ្ងៃទី២៣ ខែតុលា បន្ទាប់ពីរងការយាយី ខូចខាតដោយជំនន់ទឹកភ្លៀង កាលពីពាក់កណ្តាលខែតុលា ឆ្នាំ២០២០ តាមចំណុចទីតាំង នៃប្រព័ន្ធទាំង០២ខាងលើ រួមមាន៖
-ប្រព័ន្ធធារាសាស្រ្តកង្ហត នៅចំណុចបាក់ដាច់ភ្លឺប្រឡាយបេតុង នៃប្រឡាយមេលេខ១ ប្រឡាយមេលេខ២ និងប្រឡាយរងមេលេខ៥
-ប្រព័ន្ធធារាសាស្រ្តកំពីងពួយ នៅប្រឡាយអាងភាស ប្រឡាយអាងដង្កោ ប្រឡាយមេស្រែថ្មី ប្រឡាយមេទ្វារទឹក៨ និងប្រឡាយមេទ្វារទឹក១០
ជាលទ្ធផលជាក់ស្តែង ការងារជួសជុលបិទផ្ជិត ទំនប់បាក់ដាច់ដើម្បីខ្ចប់រក្សាទឹកទុក គឺបានធ្វើការជួសជុលតាមលក្ខណ:បច្ចេកទេសឡើងវិញ តាមផែនការគ្រោងទុករបស់ក្រសួង ជាទិសដៅបន្តនឹងធ្វើការកែលម្អ ប្រព័ន្ធឲ្យកាន់តែល្អប្រសើរថែមទៀត ។ ក្នុងពេលបច្ចុប្បន្ននេះបងប្អូនប្រជាកសិករកំពុងរីករាយនឹងការងារបង្កបង្កើនផលស្រូវវស្សាលើកទី២ របស់ពួកគាត់ ជាមួយបរិមាណទឹកពេញប្រឡាយ អាងទឹក នៃប្រព័ន្ធធារាសាស្រ្តខាងលើដែលបានខ្ចប់រក្សាទុកបានទៅតាមផែនការអន្តរាគមន៍ទាន់សភាពការណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម ។

ចំពោះបេសកកម្មលោករដ្ឋមន្រ្តី និងក្រុមការងារនាព្រឹកនេះ គឺស្ថិតក្នុងសកម្មភាពវិធានការទី២ នៃយុទ្ធសាស្រ្តអន្តរាគមន៍ជំនន់ទឹកភ្លៀងទាំង០៣ របស់ក្រសួងធនធានទឹក និងឧតុនិយម មាន ៖
-ទី១ អន្តរាគមន៍ជាបន្ទាន់ភ្លាមៗបិទផ្ជិតភ្លឺប្រឡាយ ទំនប់អាងទឹកដើម្បីខ្ចប់រក្សាទឹកទុក ទោះក្នុងតំលៃណាក៏ដោយ
-ទី២ ក្រុមការងារបច្ចេកទេសក្រសួង កំពុងសហការជាមួយក្រុមការងារ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះពិនិត្យវាយតំលៃ ដើម្បីបន្តជួសជុល និងកែលម្អឲ្យបានល្អប្រសើរ
-ទី៣ ទិសដៅទៅអនាគត គឺធ្វើទំនើបកម្មប្រព័ន្ធធារាសាស្រ្ត ឲ្យកាន់តែប្រណិត ដើម្បីធានាគុណភាពរឹងមាំតាមលក្ខណ:បច្ចេកទេស ប្រើប្រាស់យូរអង្វែងបម្រើជាពហុប្រយោជន៍ ដល់បងប្អូនប្រជាពលរដ្ឋ ៕

To Top